++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី វេទិកាសុខភាពអាណាព្យាបាល និងកម្មវិធីកីឡាសម្រាប់ក្មេងៗបញ្ញាខ្សោយ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ដោយផ្អែកតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានរៀបចំដំណើរការកម្មវិធីនេះឡើង ដើម្បីអប់រំ ផ្សព្វផ្សាយដល់អាណាព្យាបាលឱ្យបានយល់ដឹងអំពីការថែទាំសុខភាពនៅក្នុងគ្រួសារ និងផ្ដល់ឱកាសដល់ក្មួយៗជនមានពិការភាពខ្សោយសតិបញ្ញាបានជួបជុំគ្នាបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយ បង្កើតភាពជិតស្និទ្ធរវាងក្មួយៗ និងអាណាព្យាបាលនៅក្នុងសហគមន៍ និងបានស្វែងយល់អំពីការអប់រំ និងការថែទាំសុខភាពប្រចាំថ្ងៃ។ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា វេទិកាសុខភាពអាណាព្យាបាល និងកម្មវិធីសម្រាប់ក្មេងបញ្ញាខ្សោយអាចជួយសម្រួល និងបង្កើតការយល់ដឹងអំពីសុខភាពអនាម័យ ការធ្វើលំហាត់ប្រាណរបស់ឪពុកម្ដាយ អាណាព្យាបាល និងអ្នកគ្រប់គ្រងនៅតាមគ្រួសារ ដែលអាចធ្វើឱ្យពួកគាត់មានលទ្ធភាព និងមានឱកាសចូលរួមសកម្មភាពកីឡាស្ប៉េស្យាល់អូឡាំពិកកាន់តែធំទូលាយ នឹងជួយកាត់បន្ថយការរើសអើងផ្សេងៗនៅក្នុងសង្គម។ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា វិស័យពិការភាព គឺជាអទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដល់អទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្ត្រីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការសមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដោយជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាត់ថែរក្សា និងផ្ដល់ឱកាសហើយពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់លើអូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំ។