++++++++++ខេត្តកណ្តាល៖ ដើម្បីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកណ្តាល សហការជាមួយផលិតកម្ម Galaxy Navatra រៀបចំការប្រគំតន្ត្រី នៅបរិវេណ សួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ អមជាមួយការបាញ់កាំជ្រូច ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដោយមានការអញ្ជើញចូលរួមទស្សនាពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈយ៉ាងល្អប្រសើរ ពីសំណាក់ការការពារបស់កងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលខេត្ត។កម្មវិធីដ៏សែនសប្បាយរីករាយនេះ ក៏មានការចូលរួមសម្តែងពីតារាចម្រៀង តារាសម្តែង សិល្បករ សិល្បការិនីល្បីៗ យ៉ាងច្រើនកុះករ ដើម្បីញ៉ាំងកម្មវិធីឱ្យមានភាពអធិកអធមក្រៃលេង បង្ហាញសាមគ្គីភាព ឯកភាពជាតិ និងកិត្យានុភាពជាតិខ្មែរ។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់រដ្ឋបាលក្រុង-ស្រុក គ្រប់មន្ទីរចំណុះរដ្ឋបាលខេត្ត បានរៀបចំអបអរសាទរ ពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោនេះ នៅតាមអង្គភាពរបស់ខ្លួន បានយ៉ាងសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ ឲ្យមានភាព គគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ ដោយឡែក វត្តអារាមនានា នៅក្នុងភូមិសាស្ត្រខេត្ត ក៏មានការទូងស្គរបែបនេះផងដែរ។សូមបញ្ជាក់ថា ការសាងសង់ ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ តកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។