រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យកោះធំ

+++++++++ខេត្តកណ្តាល៖ការលើកកម្ពស់ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគឲ្យបានទូលំទូលាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកក់ស្ទុះចរាចរណ៍ ដែលបណ្តាលមកពីការបើកបរមិនគោរពតាមច្បាប់ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ច ខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរស្រុកកោះធំ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី​ ចរាចរណ៏ផ្លូវគោក​ ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ​ ហ៊ុន​ សែន​ កោះធំ ស្រុកកោះធំ ខេត្តកណ្តាល ប្រមាណជាង២០០នាក់ ។ ថ្លែងក្នុងពិធីនេះ លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឲ្យបានច្បាស់លាស់ និងសកម្ម រួមគ្នាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឲ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់ចរាចណ៍ផ្លូវគោកនេះ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្តផងដែរ ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ លោក គា ប៊ុនថន បានថ្លែងបន្តថា៖ ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតំរូវឲ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ លោកបានបន្ថែមថា៖ បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ អាចបណ្ដាលអោយយើងពិការ ឬបាត់បង់ជីវិត ហើយការកកស្ទះចរាចរណ៍នៅតែកើតមានដែលបណ្តាលអោយខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម ហេតុនេះយើងមិនត្រូវបណ្ដោយអោយអាយុជីវិត និងពេលវេលារបស់យើងខាតបង់ដោយសារតែបញ្ហានេះឡើយ។ លោក ឯម សត្យា អនុប្រធានការិយាល័យទំនាក់ទំនងរាជធានី/ខេត្ត បានពន្យល់ពីច្បាប់ និងផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៏​​ផ្លូវ​គោក ដល់សិស្សានុសិស្ស ឲ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់​ទាំងស្រុងនូវរាល់​គ្រោះថ្នាក់ចរាចរណ៏​ក្នុងប្រទេសកម្ពុជា។ លោកក៏បានធ្វើការរំលឹក ផងដែរថា៖ បើស្រវឹងកុំបើកបរ បើបើកបរកុំ​ផឹងគ្រឿងស្រវឹង មុននឹងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរអោយបានត្រឹមត្រូវ។ សូមបញ្ចាក់ផងដែរថា៖ យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៧៦បានចែងថា ជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាបពី៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល។ មាត្រា៨០ ជនណារារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ៨សែនរៀលទៅ ៨លានរៀល៕

អត្ថបទទាក់ទង