+++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល ដើម្បីនិរន្តរភាពការងារកាន់តែប្រសើរ ដោយបានការចូលរួមពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងឯកឧត្តម លោក-លោកស្រីថ្នាក់ដឹកនាំក្រសួងផងដែរ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចការងារបានយ៉ាងល្អប្រសើរ។ឯកឧត្តមបន្តថា៖ មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ជាសេនាធិការឲ្យក្រសួង លើការងារសម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តផ្សព្វផ្សាយ ណែនាំ អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់ក្រសួង គ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួលសកម្មភាពគ្រប់ផ្នែក ការងារបច្ចេកទេសរបស់មន្ទីរចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមដាន ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារទឹកស្អាតនៅតាមបណ្តាក្រុងស្រុកចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ សហការជាមួយក្រសួង អនុវត្តការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យ STI ចូលរួមគាំទ្រ ផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម SME, STI ទឹកស្អាត សម្របសម្រួល និងអនុវត្តការងារស្តង់ដារ និងមាត្រាសាស្ត្រ។ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ចនិងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធសម្តៅធ្វើយ៉ាងណាឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព។ ត្រូវចុះត្រួតពិនិត្យតាមក្រុមហ៊ុនឯកជនដែលកំពុងធ្វេីអាជីវកម្មទឹកស្អាតជូនប្រជាពលរដ្ឋតេីត្រឹមត្រូវតាមស្តង់ដាដែរឬទេ ព្រោះបេីទឹកមិនស្អាតវាប៉ះពាល់ដល់សុខភាព បរិស្ថាននិងអនាមយ័ក្នុងការរស់នៅ។ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានឱ្យដឹងថា៖ នៅក្នុងខេត្តកណ្តាល ផលិតកម្ម-អាជីវកម្មទឹកស្អាតដំណើរការផ្គត់ផ្គង់តាមបណ្តាក្រុង-ស្រុកមាន ប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន ៥៦មូលដ្ឋាន ក្នុង នោះ៥៥មូលដ្ឋានជាអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន និង០១មូលដ្ឋាន ជាអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងចំណោមភូមិសរុបទាំងអស់ចំនួន ១០១០ភូមិ ភូមិមានបណ្តាញទឹកស្អាតទៅដល់មានចំនួន៩៦០ភូមិ ស្មើនិង៩៥.០៤% និងភូមិដែលមិនទាន់មានបណ្តាញទឹកស្អាតទៅដល់មានចំនួន៥០ភូមិ ស្មើនិង៤.៩៦% ចំនួនអតិថិជនបានតបណ្តាញទឹកស្អាតបានចំនួន១៩៧,៤១១អតិថិជន។បានចុះផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធនានា តាមបណ្តាមូលដ្ឋានរោងចក្រ/សហគ្រាស/ក្រុមហ៊ុន/សិប្បកម្មផលិតកែច្នៃ ភេសជ្ជៈ និងម្ហូបអាហារឱ្យ ធានាទាំងបរិមាណ គុណភាព សុវត្ថិភាព និងអនាម័យ បានចំនួន ១២៩មូលដ្ឋាន។