+++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា៖ សាលារៀនឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់បន្ទុកក្នុងការបណ្ដុះបណ្ដាលរបស់សាលារដ្ឋ និងជួយសម្រាលអារម្មណ៍របស់អាណាព្យាបាលច្បាស់ថាកូនរបស់គាត់ចេញពីផ្ទះមកចូលរៀននៅសាលាពិតប្រាកដ។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ និងសាលាភាសាលីដឺលែន សាខាទី២ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ សម្រាប់ខេត្តកណ្ដាលមានសាលារៀនឯកជនចំនួន ២៣៣សាលា ក្នុងនោះជាសាលាចំណេះដឹងទូទៅចំនួន ២៧សាលា ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ហើយមានសិស្សានុសិស្សចូលរៀនប្រមាណជាង ៥ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើការសំរាលនៃបន្ទុករបស់សាលារដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យអប់រំឯកជន បានបង្កើតឱកាសការងារដល់លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋដទៃទៀតប្រមាណជាង១០០០នាក់ ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំនេះផងដែរ។ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា៖ ការបើកសាលានេះមិនត្រឹមតែយកកម្លៃចំណេញនោះទេគឺបានជួយដល់ការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់សាលាដោយមានការប្រកួតប្រជែងជាមួយសាលារដ្ឋ ដែលបានខិតខំអភិវឌ្ឍន៍ខ្លួនទាំងផ្នែកជំនាញរឹង និងជំនាញទន់ព្រមទាំងបំណិនជីវិតផងដែរ។បន្ថែមថាពីលើនេះ ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកការអប់រំ គឺពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្សបន្តវេន និងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជាពិសេសគឺខណៈពេលប្រទេសជាតិយើង និងពិភពលោកកំពុងតែដើរនៅលើបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយ ថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តថែរក្សាសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍ ក្នុងចក្ខុវិស័យដឹកនាំប្រទេស និងប្រជាជនឱ្យមានកិត្យានុភាពជាតិ ដោយប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ សាលាវ៉េស្ទឡាញន៍ សូមបញ្ចូលកម្មវិធី “មនសិការពលរដ្ឋល្អ”ក្នុងកម្មវិធីសិក្សា ដើម្បីជាការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតីឆន្ទៈ សេចក្ដីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អរបស់យុវជនសម្រាប់កម្ពុជា និងជាការផ្ដល់ឱកាសដល់យុវជនក្នុងការកសាងភាពជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងកសាងកម្លាំងរួមជាធ្លុងមួយប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងសុខុដុមនីយកម្មជាតិដើម្បីអនាគតកម្ពុជា។លោក ជា កញ្ញារិទ្ធិ នាយកសាលារៀនវ៉េស្ទឡាញន៍សាខាទី១១ និងសាលាភាសា លីដឺលែន សាខាទី២ ក្រុងតាខ្មៅ បានឱ្យដឹងថា៖ សាលារៀនវ៉េស្ទឡាញន៍ មានចំនួន ១៣សាខា ហើយសាខាទី១១ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ សាលារៀនផ្តល់ជូននូវកម្មវិធីសិក្សាមានដូចជា៖ កម្មវិធីអប់រំ និងថែទាំកុមារតូច (អាយុ១.៥ឆ្នាំ-៣ឆ្នាំ), កម្មវិធីមត្តេយ្យភាសាខ្មែរ និងមត្តេយ្យភាសាអង់គ្លេស (អាយុ៣ឆ្នាំ-៥ឆ្នាំ), កម្មវិធីភាសាអង់គ្លេស និងភាសាចិនសម្រាប់កុមារ (អាយុ៦ឆ្នាំ-១២ឆ្នាំ), កម្មវិធីភាសាចិនទូទៅ (អាយុ១៣ឆ្នាំ-១៨ឆ្នាំ), កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ ពេញម៉ោង និងក្រៅម៉ោង (អាយុ១៣ឆ្នាំ-១៨ឆ្នាំ) និងកម្មវិធីចំណេះទូទៅខ្មែរ (ថ្នាក់ទី១ ដល់ ទី១២) ក្នុងនោះមានកម្មវិធីសិក្សាអម ភាសាបរទេស (អង់គ្លេស និងចិន), ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាសម្បទា, ចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព, បំណិនកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល, កីឡា, សិល្បៈ តន្ត្រី គំនូរ, ដំណើរទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស, ការសិក្សាពីការអភិវឌ្ឍសហគមន៍ និងការងារស្ម័គ្រចិត្ត និងកម្មវិធីបំណិនជីវិត។