ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តលណ្តាល រួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។សិ្ថតក្នុងពេលវេលាប្រកបដោយទុក្ខសោកនេះ ប្រតិភូរដ្ឋបាលខេត្តលណ្តាល បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។