ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ស្ថិតនៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ដែកនេះជាការបាត់បង់ដ៏ធំធេងនូវបិតាបង្កើត បិតាក្មេក និងជីតា របស់កូន ចៅ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លា ដែលកន្លងមក ឯកឧត្តម ជា ចាន់តូ ជាថ្នាក់ដឹកនាំដ៏មានតម្លៃសម្រាប់សង្គម ជាបិតា ធ្លាប់មាន គុណូបការៈខ្ពស់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា រៀបចំទុកដាក់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជា បញ្ញវន្តនិងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។ក្នុងឱកាសនោះដែរឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងប្រតិភូទាំងអស់ សូមលំឱនកាយឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។