រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តមុខងារទាំង ៥៥ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក

++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តមុខងារទាំង ៥៥ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ប្រមូលធាតុចូលបន្ថែមអំពីវឌ្ឍនភាព និងបញ្ហាប្រឈមលើការអនុវត្តមុខងារគ្រប់គ្រងការ អប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារ អប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យ រដ្ឋបាលរាជធានី ខេត្ត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យការអនុវត្តមុខងារដែលបានផ្ទេរមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តប្រកបដោយសិទ្ធភាព ស្របតាមទិសដៅ នៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែ ទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រិត្យលេខ ១៩១ អនក្រ.បក ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការប្រគល់មុខងារនានាពាក់ព័ន្ធនឹងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងាការអប់រំក្រៅ ប្រព័ន្ធឱ្យទៅដល់រដ្ឋបាលក្រុង ស្រុក និងអនុក្រិត្យលេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការ ប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ហើយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រមូលធាតុចូលអំពីវឌ្ឍនភាព និងបញ្ហាប្រឈម លើការអនុវត្តមុខងារទាំង ៥៥ ដែលបានផ្ទេរឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក គ្រោងនឹងរៀបចំកិច្ចប្រជុំជាមួយខេត្តព្រៃវែង ភ្នំពេញ និងខេត្តកណ្តាល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រៃវែង និងក្រោយបញ្ចប់ការប្រមូលធាតុពីបណ្តាក្រុង ស្រុក ខណ្ឌ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ នឹងត្រូវរៀបចំបូកសរុបរបាយការណ៍ដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ក៏បានលើកទឹកចិត្ត និងស្នើសុំឱ្យមានកិច្ចពិភាក្សា លើកឡើងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណើដំណោះស្រាយ ដែលរដ្ឋបាលក្រុង ស្រុក ឬ ការិយាល័យអប់រំក្រុង ស្រុក ឬការិយាល័យប្រតិបត្តិសុខាភិបាលក្រុង ស្រុក បានជួយប្រទះលើ ការអនុវត្តមុខងារអប់រំ និងមុខងារសុខាភិបាលនៅរដ្ឋបាលខេត្ត ក្រុង ស្រុកនាពេលកន្លងមក ដើម្បីគណៈប្រតិភូ មានធាតុចូលច្បាស់លាស់សម្រាប់កិច្ចពិភាក្សានៅខេត្តព្រៃវែង ជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

អត្ថបទទាក់ទង