រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាលបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកលើកដែក

++++++++++++ខេត្តកណ្តាល៖លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកលើកដែក ខេត្តកណ្តាល។ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់លើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ។ ក្នុងវេទិកានេះប្រជាពលរដ្ឋ ក៏បានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមកអង្គវេទិកា បានទទួលក្រដាស/លិខិតចំនួន ៣០ ស្មើនឹង ៣៣សំណើ/សំណូមពរ, សំណូមពរ ផ្ទាល់មាត់ ០១ ស្មើនឹង ០១សំណើ/សំណូមពរ។ សរុបសំណើ/សំណូមពរចំនួន ៣៤, ស្ទួនចំនួន ១១។ ក្នុងឱកាសនោះឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្ត បានលើកឡើងថា៖ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ឯកឧត្តមបានស្នើឲ្យមន្ទីរពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការណ៍មករដ្ឋបាលខេត្ត ដើម្បីដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា។ ឯកឧត្តម បានបញ្ជាក់ថា៖ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលខេត្តនឹងយកមកដោះស្រាយពោលគឺអ្វីជាអាទិភាព ចាំបាច់ បន្ទាន់ៗ យើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់ យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល ឃុំ-សង្កាត់។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ផ្នែកសេដ្ឋកិច្ច(សរុបចំនួន១៦) ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ(សរុបចំនួន៨ ) ផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់(សរុបចំនួន៥) ផ្នែកសង្គមកិច្ច(សរុបចំនួន៤) ដើម្បីឱ្យអាជ្ញាធររិះរកយន្តការដោះស្រាយជូន។ ក្នុងនោះដែរ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាលបានមានប្រសាសន៍ថា៖ សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ លោកជំទាវបានបន្តថា៖ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលខេត្ត ឆ្លុះបញ្ចាំងនូវចំណុច អសកម្មរបស់ខ្លួននាពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ៕

អត្ថបទទាក់ទង