រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បញ្ហា និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកៀនស្វាយ ត្រូវបានដោះស្រាយក្នុងវេទិកាពីព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ ឆ្នាំ២០២៤

+++++++++++ខេត្តកណ្តាល៖បញ្ហា និងក្តីកង្វល់រជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកៀនស្វាយ ត្រូវបានដោះស្រាយក្នុងវេទិកាពីព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ថ្លែងទៅកាន់អង្គវេទិកានាឱកាសនេះ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងសហគមន៍ប្រជាពលរដ្ឋ ប្រមូលពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ ក្នុងវេទិកានេះប្រជាពលរដ្ឋ ក៏បានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមកអង្គវេទិកាទទួលក្រដាស/លិខិតចំនួន ៥៦ ស្មើនឹងសំណើ/សំណូមពរ ៥៩ក្នុងនោះ៖- ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ (សរុបចំនួន ០៩)ក្នុងនោះ៖- ផ្នែកសេដ្ឋកិច្ច (សរុបចំនួន ៣៨)- ផ្នែកសង្គមកិច្ច (សរុបចំនួន ០៣)- ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ (សរុបចំនួន ០៩) សំណើសំណូមពរ បញ្ហាទាំងនោះរួមមាន៖បញ្ហា សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ស្នើសុំផ្លូវបេតុង ស្នើសុំសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សា បញ្ហាបម្រើសេវាសាធារណៈ បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ស្នើសុំដាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវជាដើម។ចំពោះបញ្ហាទាំងអស់នេះត្រូវបាន អង្គវេទិកាឆ្លើយតប បកស្រាយ និងចាត់វិធានការជូនទាំងអស់។ ដោយឡែក សំណើ សំណូមពរដែលហួសសមត្ថកិច្ច រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធនឹងរៀបចំសំណើជូនអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបន្ត។ ក្នុងឱកាសនោះឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវ ទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាពនឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណី ដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀតដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ ក្នុងនោះដែរ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង