++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ស្រុក មុខកំពូល នៅព្រឹកថ្ងៃទី២៥ ខែវិច្ចកា ឆ្នាំ២០២៤នេះ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។ ឯកឧត្ដម តាំង ម៉េងលាន បានបន្តទៀតថា៖ ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការកើនឡើងជាលំដាប់ស្របតាមនិន្នាការ នៃការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់ នៅថ្នាក់ក្រុង/ស្រុក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ២០២៤ ចំនួនគម្រោងស្នើឡើងជាច្រើន នឹងទទួលបានគាំទ្រជាបន្ដបន្ទាប់។ ជាក់ស្តែងគម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២៣សម្រាប់អនុវត្ត ឆ្នាំ២០២៤ មាន ៣៩២៨គម្រោង មាន ៧វិស័យ រួមមាន៖ វិស័យកសិកម្ម ៣៥៧គម្រោង វិស័យអាជីវកម្ម ៥១៨គម្រោង វិស័យវិស័យអប់រំ ៤៤៣គម្រោង វិស័យសុខភាព ៩២៧គម្រោង វិស័យភាពងាយរងគ្រោះ ១៧៩គម្រោង វិស័យបរិស្ថាន ៦១៩គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៨៨៥ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ច ព្រមព្រៀងបណ្តោះអាសន្នចំនួន ២៥៧៨គម្រោង ស្មើ ៦៦ ភាគរយ។នាឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់ដែលជា តម្រូវការនិងសំណូមពររបស់ប្រជាជន ទន្ទឹមនេះត្រូវយកចិត្ដទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ហើយចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគររកធនធានសម្រាប់អនុវត្តបន្ថែមទៀត។លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ ឃុំ-ស្រុក នៅថ្នាក់ស្រុកនេះ ក្នុងគោលបំណង ទី១៖ ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៥-២០២៧) របស់ រដ្ឋបាលស្រុក ទី២៖ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង៧ សម្រាប់អនុវត្តនៅឆ្នាំ ២០២៥ ទី៣៖ សម្របសម្រួល និងធ្វើឱ្យមានសង្គតិភាព រវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជា មួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងទី៤៖ ដើម្បីស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូរ អភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក។ តាមរយៈសិក្ខាសាលានេះ រំពឹងទុកថា គម្រោងវិនិយោគ ដែលបានលើកឡើងដោយរដ្ឋបាលស្រុក-ឃុំ នឹងត្រូវ បានគាំទ្រពីមន្ទីរ អង្គភាព អង្គការ និងដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជននានា ផងដែរ។លោក អភិបាលស្រុកបានបន្តទៀតថា៖ ក្នុងអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ បានរៀបចំចងក្រងសៀវភៅផែនការអភិវឌ្ឍន៍ ៥ឆ្នាំ (២០២៥ -២០២៩) របស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈកម្មវិធីវិនិយោគ ប្រចាំឆ្នាំនីមួយៗ។ សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ឃុំទាំង៧ របស់ស្រុក បានបញ្ចប់ជំហានទី២ នៃការ កសាងកម្មវិធីវិនិយោគប្រចាំឆ្នាំ និងបានបញ្ជូនតារាង ១.១ត ទៅមន្ទីរផែនការខេត្ត ដើម្បីរៀបចំជាភាពង ម៉ាទ្រិច។ ដោយឡែក កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុក បាននិងកំពុងដំណើរ ការរៀបចំ ជាជំហានៗតាមដំណាក់កាលសំខាន់ៗចំនួន ០៣ ដូចខាងក្រោម៖១. ការរៀបចំបញ្ជីតម្រោងអាទិភាព សម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ស្រុក២. ការរៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិល របស់ស្រុក៣. ការអនុម័តកម្មវិធី វិនិយោគបីឆ្នាំរំកិល របស់ស្រុក