++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល សាខា ប.ស.ស.ខេត្តកណ្ដាល និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ ខេត្តកណ្ដាលគឺជាខេត្តដែលមានសក្តានុពល និងបង្កលក្ខណៈល្អប្រសើរសម្រាប់អ្នកវិនិយោគ ដែលមកបណ្តាក់ទុនក្នុងខេត្តពាក់ព័ន្ធនឹងវិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជារួមខេត្តកណ្តាលមានរោងចក្រ សហគ្រាស ចំនួន ១,៩៦៣ មានកម្មករនិយោជិត ១៩៦,៩៨១នាក់ ស្រី១៤១,៧៦៦នាក់។ ក្នុងនោះដែររដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការបម្រើសេវាសាធារណៈ លក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារដែលកើតឡើងនៅតាមបណ្តារោងចក្រ សហគ្រាសឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិត និងនិយោជកស្របទៅតាមច្បាប់ស្តីពីការងារ ក្នុងនោះដែរខេត្តតែងតែយកណែនាំ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានរួមមានឃុំ-សង្កាត់ ក្រុង-ស្រុក និងកងកម្លាំងចូលរួមសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅពេលដែលមានហេតុការណ៍កើតឡើងពាក់ព័ន្ធនឹងបញ្ហាកូដកម្ម បាតុកម្មនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅជុំវិញតំបន់ដែលមានរោងចក្រដើម្បីទាក់ទាញបាននូវការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិត និងអ្នកវិនិយោគ។ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារដែលមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល សាខាប ប.ស.ស.ខេត្តកណ្ដាល និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រេចបាននាពេលកន្លងមក ធ្វើឱ្យអង្គភាពទាំង៣ ការពារបាននូវផលប្រយោជន៍ជូនបងប្អូនកម្មករ និយោជិត ដែលស្ថិតនៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសការដោះស្រាយទប់ស្កាត់កូដកម្ម បាតុកម្ម នៅតាមបណ្ដារោងចក្រ សហគ្រាសបានទាន់ពេលវេលា ធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យរោងចក្រ សហគ្រាស ធានាបាននូវស្ថេរភាពក្នុងការផលិតផ្គត់ផ្គង់ជូនដល់ម្ចាស់ទំនិញទាន់ពេលវេលា ហើយបងប្អូនកម្មករនិយោជិត និងអ្នកប្រកបរបរពាក់ព័ន្ធនិងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទទួលបាននូវប្រាក់ចំណូល និងរក្សាបាននូវឆ្នាំងបាយរួម រោងចក្រ សហគ្រាស អាចដំណើរការនូវសង្វាក់ផលិតកម្មបានជាប្រក្រតី ក្លាយជាសហគមន៍មួយសុខសាន្ត ប្រកបដោយភាពសុខដុមរម្យនា។ក្នុងសន្និបាតនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានស្នើដល់អង្គភាពទាំង៣ បន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាឱ្យមាន សុខមាលភាព និងសន្តិសុខសង្គមពេញលេញ លក្ខខណ្ឌការងារល្អប្រសើរ ការងារសមរម្យស្របតាមជំនាញ ផលិតភាពខ្ពស់ និងឱកាសក្នុងការស្វែងរកការងារធ្វើក្នុងខេត្ត។ ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារ ចំពោះម្ចាស់-នាយក រោងចក្រ សហគ្រាស គ្រឹះស្ថានដែលមិនបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ស្តីពីការងារ។ ពង្រឹង វិន័យ ក្រមសីលធម៌ សមត្ថភាព និងបុរេសកម្មរបស់មន្រ្តី ដើម្បីបង្កើនសមត្ថភាពបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់នូវភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តបានប្រគល់ជូន។ ពន្លឿនការចេញប័ណ្ណជូនសមាជិក ប.ស.ស. គ្រប់ប្រភេទឱ្យបានទាន់ពេលវេលា។ បន្តយន្តការធ្វើអធិការកិច្ចលើរបបសន្តិសុខសង្គមនៅតាមវិស័យឯកជន។