រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែកញ្ញា

  • 819
  • ដោយ Admin

រសៀលថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែកញ្ញា នៅសាលាខេត្តកណ្តាល និងមានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខឹម ចន្ទគិរី ប្រធានការិយាល័យប្រជាពលរដ្ឋ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត សរុប៩៤រូប។

របៀបវារៈសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំនេះមានខ្លឹមសារដូចតទៅ៖
១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២-ពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៩ខែ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងឆ្លើយតបលើរបាយការណ៍ឆ្លើយតបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អាណត្តិទី៣
៤-ពិនិត្យ និងពិភាក្សាសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្តកណ្តាល អាណត្តិទី៣។
៥-ពិនិត្យ និងពិភាក្សា សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ ខែកញ្ញា ឆ្នាំ២០២០។

៦-ផ្សព្វផ្សាយ៖
-លិខិតលេខ:៧៥១ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីករណីគោរពស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៅក្នុងខែធ្នូ ឆ្នាំ២០២០។
-លិខិតលេខ:០៧៦ ល.ប./ក.ណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល ស្តីពីសំណើសុំកិច្ចសហការ និងគាំទ្រការផ្តល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះផ្លូវការ ឆ្នាំ២០១៩។
-គោលការណ៍ណែនាំលេខ:១១៧ សខល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រាមានសារធាតុមេតាណុលកម្រិតខ្ពស់។
-លិខិតលេខ:៣០៤ លស ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់អំពើការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំនៅកន្លែងប្រកបអជីវកម្មផ្សេងៗ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ និងបង់រំលស់អចលទ្រព្យ។
-ការងារគ្រប់គ្រងថវិកា (ចំណូល-ចំណាយ) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំនារសៀលនេះដែរ ឯកឧត្តម បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំក្រុង ស្រុកទាំងអស់ត្រូវយកចិត្តដាក់ឱ្យបានលើការងារគ្រប់គ្រង សម្រាម ផ្លូវ ភ្លើងបំភ្លឺសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារភូមិឃុំមានសុវត្ថិភាព ហើយ ឯកឧត្តម បានឱ្យលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹងឡើងធ្វើការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបានយ៉ាងល្អប្រសើរក្នុងការងារភូមិឃុំមានសុវត្ថិភាព ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន។

ឯកឧត្តម ក៏បានបន្ថែមទៀតថា ក្រុង ស្រុកផ្សេងទៀតដែលពុំទាន់អនុវត្តបានល្អ ក្នុងការធ្វើការងារខាងលើ គឺត្រូវតែធ្វើឱ្យបាន ធ្វើការប្រឡងប្រណាំង ដណ្តើមស្នាដៃ ដណ្ដើមពានរង្វាន់លើកទឹកចិត្ត ហើយថ្ងៃខាងមុខ ឯកឧត្តម បានស្នើឱ្យ លោកអភិបាលស្រុកកណ្តាលស្ទឹង ត្រូវធ្វើបទបង្ហាញអំពីបទពិសោធន៍របស់ខ្លួន ក្នុងការងារភូមិឃុំមានសុវត្ថិភាពនេះ ទៅលោកអភិបាលក្រុង ស្រុកផ្សេងទៀតដើម្បីអនុវត្តតាម។

អត្ថបទទាក់ទង