ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុប និងចាត់អទិភាពតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ នៅសាលប្រជុំសាលាខេត្តកណ្តាល។
កិច្ចប្រជុំនាឱកាសនេះគឺដើម្បីធ្វើការណែនាំ និងជម្រុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រមូលនូវតម្រូវការ គម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២១-២០២៣ របស់រដ្ឋបាលខេត្ត ឱ្យបានត្រឹមត្រូវច្បាស់លាស់ និងទាន់ពេលវេលា។
ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ មានគោលបំណងសំខាន់ គឺដើម្បីណែនាំដល់មន្ទីរជំនាញ ក្រុង ស្រុក និង អង្គភាពពាក់ព័ន្ធនានា ធ្វើការពិនិត្យ ពិចារណា លើកជាតម្រូវការ គម្រោងអាទិភាព ដើម្បីបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត អោយ ស្របតាមស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ។
សំណើគម្រោងទាំងឡាយដែលមន្ទីរ ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យសមស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នងសៀវភៅ ណែនាំបច្ចេកទេស សំណើគម្រោងវិនិយោគ ត្រូវរៀបចំ និងស្នើឡើងដោយផ្អែក លើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
១.ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍៖ គម្រោង ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។
២.ស្ថិតក្នុងដែនសមត្ថកិច្ចខេត្ត៖ គម្រោង ឬសេវាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល ។
៣.ស្ថិតក្នុងអន្តររដ្ឋបាលដែនដី៖ គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង ស្រុក
៤.កំណត់អតិបរមាលើចំនួនគម្រោង៖ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបានកំណត់ ករណីដែលមានការស្នើឡើងច្រើន។
កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃរដ្ឋបាលក្រុង ស្រុកទាំង១១ សរុបចំនួន១១៥នាក់។