ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រី ដែលប្រចាំការ នៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលមានចំនួន ០៧មណ្ឌល ក្នុងចំណោមមណ្ឌលទាំង ១៥៨មណ្ឌល នៅទូទាំងក្រុងតាខ្មៅ ដែលបានត្រួតពិនិត្យ ក្នុងនោះមានមណ្ឌលភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិតាខ្មៅ១ ភូមិតាខ្មៅ២ និងភូមិតាខ្មៅ៣។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានសំដែងការកោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដោយទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវណែនាំជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ឲ្យបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធានការសុខាភិបាលគឺ ៣ការពារ ៣កុំ រួមនិងចំណាត់ការព្រមទាំងបទបញ្ជាផ្សេងៗក៏ដូចជាការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងទាំងអស់រួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឲ្យឆ្លងរាលដាលបន្តទៀតដល់សហគមន៍។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការលើដងផ្លូវចំណុចគោលដៅទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពថែមទៀត ពិសេសការចូលរួមអនុវត្តនូវបំរាមក៏ដូចជាសេចក្ដីសម្រេចនិងបទបញ្ជាផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការចល័តឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរបស់ប្រជាពលរដ្ឋ ឲ្យបានម៉ឺងម៉ាត់។ តែការអនុវត្តត្រូវមានភាពទន់ភ្លន់ អនុគ្រោះរាល់ការចេញចូលរបស់ប្រជាពលរដ្ឋដែលមានធុរៈចាំបាច់បន្ទាន់ ឬរថយន្តសេវាដឹកជញ្ជូនទំនិញផ្សេងៗ ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះកុំឲ្យមានការរីករាលដាលឆ្លងដល់ក្នុងសហគមន៍ នៅខេត្តកណ្តាល ក៏ដូចជាការកសាងសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញផងដែរ។