ខេត្តកណ្តាល ៖ រសៀថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីលោក ឌិន សុមេធារិទ្ធ និងលោក លី ឡុង ស្ថាបនិបកក្រុមហ៊ុនភូមិផ្កាត្រកូន និងសណ្ឋាគារឌីហ្រ្វែងជីតែនីវីឡា នូវអង្ករ១២០០គីឡូក្រាម មី១៥០កេសតូច ត្រីខ១៥០យួរ អាកុល៨កាន និងថវិកា៦លានរៀល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក ឌិន សុមេធារិទ្ធ និងលោក លី ឡុង ស្ថាបនិកក្រុមហ៊ុនភូមិផ្កាត្រកូន និងសណ្ឋាគារឌីហ្រ្វែងជីតែនីវីឡា ដែលបានបរិច្ចាគនូវសម្ភារៈ និងថវិកា ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា និងយកចិត្តទុកដាក់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍ទាំងគ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម ៕