រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារសពទាំង ១២នាក់ ដែលបានស្លាប់ដោយសារពុលស្រាស នៅស្រុកល្វាឯម

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១នេះ បានអញ្ជើញជួបសំណោះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចែកជូនគ្រួសារសព ចំនួន ១២នាក់ ដែលបានពុលស្រាស បណ្តាលអោយស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗនេះ នៅក្នុងឃុំសារិការកែវ ស្រុកល្វាឯម។

នាឱកាសនោះ ឯកឧត្ដម បានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព្វ ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។ ជាពិសេសឯកឧត្តមក៏បានធ្វើការលើកទឹកចិត្ត និងផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឲ្យបានល្អ ឲ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ជែលលាងដៃ ១ដប ម៉ាស ១០បន្ទះ និងថវិកា ៥០ម៉ឺនរៀល ។

អត្ថបទទាក់ទង