ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ការអនុវត្តការងារគាំពារនិងអភិវឌ្ឍកុមារតូចនៅក្រោមជាតិ ដែលដឹកនាំដោយមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.គ.ក. និងមានចូលរួមពី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ដៃគូអភិវឌ្ឍពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ Zoom។
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលបំណង សិក្ខាសាលនេះ គឺយល់ដឹងពីគោលនយោបាយ ផែនការសកម្មភាពជាតិ និងយន្តការងារបែបពហុវិស័យ ពិសេសការយល់ដឹងទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់បន្តគាំពារ និងអភិវឌ្ឍ កុមារតូច ក្នុងខេត្តឲ្យមានលក្ខណៈកាន់តែប្រសើរ ។
លោកជំទាវ បន្តថា កន្លងមកអាជ្ញាធរខេត្ត បានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្ត យកចិត្តទុកដាក់គាំទ្រចំពោះសកម្មភាពអប់រំកុមារតូច នៅគ្រប់មូលដ្ឋានក្នុងខេត្ត ដូចជា បាន សាងសង់អាគារមត្តេយសិក្សា, ជម្រុញឲ្យមានការគាំទ្រដល់គ្រូបង្រៀនមត្តេយ្យសហគមន៍, កុមារ និងមាតា ត្រូវបានទទួលការគាំពារសុខភាពតាំងពីនៅក្នុងផ្ទៃ រហូតដល់កើត និងជម្រុញឲ្យកុមារគ្រប់រូបបានចូលរៀន គ្រប់ៗគ្នា.....មិនតែប៉ុណ្ណោះ គ្រប់ផ្នែកដែលពាក់ព័ន្ធដូចជា ផ្នែកអប់រំ ផ្នែកសុខាភិបាល ផ្នែកកិច្ចការនារី ផ្នែក សង្គមកិច្ច គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារីរបស់ខេត្ត។