ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះដោះស្រាយ ករណីការឃាត់សួរ ការដឹកជញ្ជូនការសាច់សត្វពពែ ដោយគ្មានលិខិតអនុញ្ញាតិរបស់ បងប្អូនខ្មែរឥស្លាមចំនួន២៨គ្រួសារ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាស្រុកពញ៉ាឮ។ឯកឧត្ដម បានអោយដឹងថាជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការ ហាមឃាត់ឃាំងនោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។
ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ ៤,០០០រៀល ក្នុងការសំឡេះសត្វពពែ ០១ក្បាល ដោយមានអុស ប្រកបដោយអនាម័យត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។ ចំពោះសំណូមពររបស់ម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករ លើបញ្ហានេះ ឯកឧត្ដមនឹងធ្វើរបាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំគោលការណ៍សំរេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិចារណាលើការលើកលែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរក៏បានសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងថា ផ្លូវចូលទីតាំងសត្តឃាតដ្ឋានមានការលំបាកក្នុងការធ្វើដំណើរចេញចូល ឯកឧត្ដមបានសន្យានឹងជួយស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែងប្រមាណ១គីឡូម៉ែត្រជាង និងបំពាក់ទៅដោយភ្លើងបំភ្លឺសូឡា តាមផ្លូវទៅទីតាំងសត្តឃាតដ្ឋាននោះផងដែរ។ ក្រុមមន្រ្តីសមត្ថកិច្ចអនុវត្តច្បាប់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើប្រជាពលរដ្ឋនាថ្ងៃប៉ះទង្គិចគ្នានោះ សូមសំដែងនូវការសោកស្តាយ និងសូមអភ័យទោសចំពោះពាក្យសំដីលើសលស់ ទៅលើបងប្អូនប្រជាពលរដ្ឋ និងបានសន្យាចំពោះមុខ ថ្នាក់ដឹកនាំគ្រប់រូប គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ដោយសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះតទៅទៀត ដោយសូមកែសម្រួលឥរិយាបទ ក្នុងការនិយាយស្តី និងទង្វើរឲ្យបានល្អប្រសើរសក្តិសមជាមន្រ្តីបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដរបស់ សម្តេចតេជោ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ក្នុងឱកាសចុះសម្របសម្រួលនេះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែចេះប្រើប្រាស់ពាក្យសំដីល្អសមរម្យទៅចំពោះប្រជាជន ព្រមទាំងមានការសម្របសម្រួលផ្លូវចិត្តទាំងមន្ត្រី និងប្រជាពលរដ្ឋផងដែរ ខណ:ដែលលោកអភិបាលខេត្តស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យគ្នាចំពោះភាពលើសលួសនាពេលកន្លងមកដោយសហការគ្នា គោរពស្រលាញ់រាប់អានគ្នា ក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ៕
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក នៅចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួររបស់មន្ត្រីបសុពេទ្យខេត្តកណ្តាល ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដែលការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះហ្វេសប៊ុកទៅក្នុងផេកសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឲ្យដល់មានការខមមិនវែកញែក មានខុស មានត្រូវ ទៅលើគូភាគីទាំងពីរជាច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងយ៉ាងផុលផុស៕