រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម តាំង ម៉េងលាន និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំដេីម្បីពិនិត្យលេីការងារវឌ្ឍនាភាព នៃការកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីធ្លឺ នៅភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្តម តាំង ម៉េងលាន និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំដេីម្បីពិនិត្យលេីការងារវឌ្ឍនាភាព នៃការកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីធ្លឺ នៅភូមិសាស្ត្រខេត្តកណ្តាល ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តកណ្តាល តាមប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពីមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត អជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន និងឯកឧត្តម នូវប៉េង ច័ន្ទតារា បានណែនាំដល់អជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវពន្លឿនការងារចុះសិក្សាលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីធ្លឺនៅភូមិសាស្ត្ររបស់ខ្លួនឲ្យបានឆាប់រហ័ស ដើម្បីបញ្ជូនមករដ្ឋបាលខេត្ត ធ្វើការប្រជុំពិនិត្យកែលម្អបន្ថែមទៀត។ឯកឧត្តម​ បានបន្ថែមថា ការងារចុះសិក្សាលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលឡើងវិញរបស់ក្រុង-ស្រុកទាំង១១ ត្រូវសិក្សាឲ្យបានស៊ីជម្រៅ និងសមស្របតាមស្ថានភាពជាក់ស្តែងតាមតំបន់និមួយៗ ដោយផ្អែកតាមលំនាំ គម្រោងហេដ្ឋារចនាសម្ព័ន្ធចាស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឲ្យនៅកំរិតទាប់បំផុតអាចទទួលយកបាន។

គួររំលឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែកក្កដា ឆ្នាំ២០២១ បានលុប​​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​ក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដីក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល ដើម្បីបង្កើតគម្រោង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​ក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដីថ្មី ក្នុងគោលបំណង ធ្វើឲ្យការអភិវឌ្ឍ ក្នុងខេត្តកណ្តាលកាន់តែមានភាពប្រសើរឡើង។

អត្ថបទទាក់ទង