ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត នៅសាលាខេត្តកណ្តាល។
តំណាងអោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា គឺបានផ្តើមចេញមកពីសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ដោយអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ខេត្តកណ្តាលក៏បានផ្តល់អាទិភាពសំខាន់លើ មនុស្ស ផ្លូវ ទឹក និងភ្លើង។
ខេត្តកណ្តាល មានទស្សនៈវិស័យ ប្រែក្លាយសេដ្ឋកិច្ចខេត្ត ពីតំបន់ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាខេត្តដែលមានសក្តានុពលលើវិស័យឧស្សាកម្ម សេវាកម្ម និងទេសចរណ៍ ដើម្បីធ្វើការទាក់ទាញវិនិយោគក្នុងនិងក្រៅប្រទេស ប្រែក្លាយជីវភាពប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងបំពាក់បំប៉នជំនាញវិជ្ជាជីវៈដែលជាតម្រូវការធាក់ស្ដែងក្នុងទីផ្សារការងារ។ ឯកឧត្តមបានបន្ថែមថា វិបត្តិជំងឺកូវិដ១៩ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេស ការគ្រប់គ្រងការឆ្លងរាលដាលក្នុងសហគមន៍ ការគ្រប់គ្រងការធ្វើចតាទ្បីស័ក្តិ មណ្ឌលព្យាបាល និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ឯកឧត្តម Ermenegildo Kupa Lopes មានប្រសាសន៍ថា"សម្តេចតេជោសែន ជាថ្នាក់ដឹកនាំអច្ឆរិយៈ ក្នុងការស្វែងរកសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជា" ហើយឯកឧត្តមបានរៀនសូត្រតាមនូវវីរភាពរបស់សម្តេចតេជោ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែលនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់ ការស្វែងរកសន្តិភាពនិងឯករាជ្យភាព របស់ប្រទេសទីម័រខាងកើត ហើយតែងតែបានគាំទ្រប្រទេសគាត់ លើឆាកអន្តរជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានការរំភើបឥតឧបមា ដែលសម្តេចតេជោ ហ៊ុន សែន បានជួយប្រទេសទីម័រខាងកើត នូវសម្ភារៈបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូរីដ១៩ ក្នុងពេលថ្មីៗនេះ។
ឯកឧត្តម Ermenegildo Kupa Lopes បានបញ្ជាក់ពីគោលបំណងក្នុងការបំពេញបេសកកម្ម មកកាន់ខេត្តកណ្តាល គឺដើមី្បធ្វើការសិក្សាស្វែងយល់ និងទទួលបាននូវបទពិសោធន៍ក្នុងការអភិវឌ្ឍរបស់ខេត្តកណ្តាល និងមានគោលបំណងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តកណ្តាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានធ្វើការអញ្ជើញប្រតិភូខេត្តកណ្តាល ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមកនៅពេលខាងមុខ។ #Kimrithy #គីម រិទ្ធី