ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងច្រកទ្វារព្រំដែននៅក្នុងភូមិសាស្ត្រស្រុកកោះធំ ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈមនានា និងដំណើរការចរាចរទំនិញទាំងផ្លូវទឹក និងផ្លូវគោក ។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី តំណាងស្នងការនគរបាលខេត្ត សាខាគយនិងរដ្ឋាករខេត្ត អាជ្ញាធរស្រុកកោះធំ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ប្រធានច្រកទ្វារព្រំដែន និងមេបញ្ជាការ កងកម្លាំងសមត្ថកិច្ចឈរជើងតាមព្រំដែន ត្រូវណែនាំមន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់បំពេញតួនាទីអោយបានម៉ឺងម៉ាត់ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវបទល្មើសឆ្លងដែនខុសច្បាប់នានា ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មេបញ្ជាការកងកម្លាំង សមត្ថកិច្ចឈរជើងនៅព្រំដែន ណែនាំបងប្អូនកងកម្លាំងថែរក្សាសុខភាព អនាម័យតាមអភិក្រម "៣ការពារ ៣កុំ" របស់សម្តេចតេជោ និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាននៃជំងឺកូវីដ-១៩ ៕