រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត ដែលបំពេញការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត ដែលបំពេញការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ នៅសាលាខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍សំណេះសំណាល និងលើកទឹកចិត្តដល់មន្ត្រីរាជការ ដែលកំពុងបំពេញការងារនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះទាំងអស់ហើយបានលើកឡើងពីសារសំខាន់នៃមុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវគ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាសេនាធិការដ៏មានប្រសិទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ រួមចំណែកធ្វើជាបង្អែកដ៏រឹងមាំក្នុងការអនុវត្តដោយជោគជ័យ។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសជាតិកំពុងនៅបន្តប្រឈមនឹងវិបត្តិសកលនៃជម្ងឺកូវីដ១៩ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ត្រូវធ្វើគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ តាមរយៈការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ឯកឧត្ដមបញ្ជាក់ថា ក្នុងស្ថានភាពយ៉ាងណាក្តី យើងត្រូវរួមគ្នាពុះពាររាល់ការលំបាក ប្រឹងប្រែងបំពេញការងារឱ្យបានប្រសើរទ្វេដងថែមទៀត ដោយជឿជាក់យ៉ាងមុតមាំថា កម្លាំងសាមគ្គីប្រជាជាតិយើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងពិតជាឈ្នះកូវីដ១៩ និងជំនះបានរាល់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នាំសង្គមជាតិយើងវិលត្រឡប់ឆាប់រហ័សទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ដើម្បីបុព្វហេតុសុខសន្តិភាពនិងការអភិវឌ្ឍ សម្រាប់អានាគតរុងរឿងជារៀងដរាបរបស់មាតុភូមិយើង។

ឯកឧត្តមបន្តថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការ ការងារបច្ចុប្បន្នឲ្យមានភាពល្អប្រសើរបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងយ៉ាងជិតស្និតលើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករ និយោជិតដែលកំពុងបម្រើការងារ ហើយមានវិជ្ជមានជំងឺកូវីដ-១៩ មន្ទីរបានចាត់ តាំងមន្ត្រីជួរមុខជាបន្ទាន់ ដែលមានជំនាញចុះទៅធ្វើការអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ចំពោះអ្នកពាក់ព័ន្ធ ផ្ទាល់ និងប្រយោល ដើម្បីធ្វើការវាយតម្លៃលើលក្ខណវិនិច្ឆ័យក្នុងការផ្អាកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្ម ទាំងស្រុង ឬផ្នែកខ្លះរបស់រោងចក្រ សហគ្រាស ចំនួន ០២ថ្ងៃ និងចំនួន ១៤ថ្ងៃ ឬបើកឱ្យដំណើរការឡើងវិញ នូវរោងចក្រ សហគ្រាសទាំងនោះ ដោយគោរពស្នើសុំគោលការណ៍ និងសេចក្ដីសម្រេចពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន-អនុគណៈកម្មការទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។

ឯកឧត្តមបន្តថា ជាលទ្ធផលក្រុមការងារបច្ចេកទេសចម្រុះសម្រេចបាន ដូចខាងក្រោម៖ - រោងចក្រ សហគ្រាស ដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្មរយៈពេល ០២ថ្ងៃ មានចំនួន ២៥ រោងចក្រ-សហគ្រាស មានកម្មករនិយោជិកមានវិជ្ជមានកូវីដ-១៩ចំនួន ២៣៣នាក់ និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ១,៨៩៤នាក់ លើកម្មករនិយោជិតសរុបចំនួន ២៣,៧៦០នាក់ ស្រីចំនួន១៦,៧៥៥នាក់។

- រោងចក្រ សហគ្រាស ដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរយៈពេល ១៤ ថ្ងៃមានចំនួន ៥៧រោងចក្រ សហគ្រាស មានកម្មករនិយោជិតមានវិជ្ជមានកូវីដ-១៩ចំនួន ១,៩៥២នាក់ និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ៦,១១៧នាក់ លើកម្មករនិយោជិតសរុបចំនួន ៧៩,២៣៤នាក់ ស្រីចំនួន ៥៧,៩១៦នាក់។ សរុបរោងចក្រសហគ្រាសដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរយៈពេល ០២ថ្ងៃ និង ១៤ថ្ងៃ មានចំនួន ៧២រោងចក្រ សហគ្រាស និងចំនួន ៨២លើក ក្នុងនោះកម្មករនិយោជិតមានវិជ្ជមានកូវីដ-១៩ ចំនួន២,១៨៥នាក់ និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ៨,០១១នាក់ លើកម្មករនិយោជិតសរុបចំនួន ១០២,៩៩៤នាក់ ស្រីចំនួន ៧៤,៦៧១នាក់។

ឯកឧត្តម បន្ថែមទៀតថា លទ្ធផលសម្រេចបានដូចខាងលើ គឺដោយ សារមានការដឹកនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិបាលខេត្ត និងជាប្រធាន-អនុគណៈកម្មការទប់ ស្កាត់ជំងឺកូវី-១៩ ថ្នាក់ខេត្ត និងដោយមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលថ្នាក់ក្រុង ស្រុក ទើបធ្វើឱ្យក្រុមការងារបច្ចេកទេសចម្រុះ សម្រេចបាននូវលទ្ធផលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូ វីជ-១៩ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងជួរកម្មករ។

អត្ថបទទាក់ទង