ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ្ញ៉ា ឃុន សៀ និងលោកជំទាវ ដែលបានជូនអំណោយដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការងារ គ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមរយៈឯកឧត្ដម ម៉ៅ សុផល ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា កាយវិការប្រកបដោយសទ្ធាជ្រះថ្លា ពោរពេញដោយក្តីសប្បុរសរបស់អ្នកឧកញ្ញ៉ា ព្រមទាំងគ្រួសារ គឺជាកាយវិការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជួយគ្នា ក្នុងគ្រាលំបាក និងត្រូវបានចងចាំទុកដោយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលជារៀងរហូត។
រដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយទាំងអស់នេះប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩។សូមបញ្ជាក់ថា អំណោយដែលអ្នកឧកញ្ញ៉ា ឃុន សៀ និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល រួមមាន អង្ករចំនួន ២៥តោន មី ១០០កេសតូច និងត្រីខ ចំនួន ១០០យួរ ។