ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលស្រុកអង្គស្នួល នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃ នីតិកាលរដ្ឋសភា និងសំដៅបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។
ឯកឧត្តមអភិបាលរងខេត្តបាន ថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នា ដៃ ដែលអាជ្ញាធរស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកអង្គស្នួល ទាំងមូលសម្រេចបានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។ ទន្ទឹមនឹងការអបអរសាទរ ចំពោះលោកនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី ឯកឧត្តម នូវ ប៉េង ច័ន្ទតារា បានផ្តាំផ្ញើរ ដល់ នាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អដល់លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់ អភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកអង្គស្នួលទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Ddta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ចំពោះការកំណត់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង ៣កុំ ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធ និងបន្តយកចិត្តទុដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល និង នៅផ្ទះ ។
សូមបញ្ជាក់ថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួង ដើម្បីស្នើសុំប្រគល់ភារកិច្ចជូនលោក ស៊ិន សុវី ពីប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សសាលាស្រុកអង្គស្នួល ឲ្យចូលកាន់តំណែងជានាយករដ្ឋបាលសាលាស្រុកអង្គស្នួល ជំនួសលោក ឆៃ បូណា ដែលត្រូវផ្លាស់ប្ដូរភារកិច្ចទៅខេត្តថ្មី តាមរយៈ ប្រកាសលេខ ២៣៨៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។