រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ភូមិកណ្តាល ស្រុកខ្សាច់កណ្តាល បានបិទផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ​ចំនួន៩១២ក្បាលដី

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឲ្យបាន​ច្បាស់លាស់ ជៀសវាងខុស កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុស​ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ ធ្វើការកែសម្រួល​ឡើងវិញ ឲ្យបានត្រឹមត្រូវ មានមានតម្លាភាព និងពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជី​ដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ០១ភូមិ គឺភូមិកណ្តាល ឃុំដន្លុង ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល កាលពីព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២១នេះ ដែលមាន ក្បាល់ដីចំនួន ៩១២ ក្បាលដី ។ ​លោក អនុប្រធានមន្ទីរ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ ជាកំហិត។ លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។

ថ្លែងក្នុងពិធីនោះដែរ លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។ ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន លោកអភិបាលរងស្រុកបាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។

លោកអភិបាលរងស្រុកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ពីជំងឺកូវីដ-១៩ ដោយត្រូវធ្វើអនាម័យអោយបានជាប្រចាំ និងត្រូវធ្វើតាមការណែរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះអោយបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង