នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១ ដែលប្រារព្ធធើ្វនៅសាលាខេត្តកណ្ដាល ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកណ្ដាល បានអាននូវសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១ ។
ក្នុងសារលិខិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនប្រជាពលរដ្ឋក្នុងទិវាមនុស្សចាស់នាពេលនេះ មានខ្លឹមសារថា ថ្ងៃនេះប្រជាជាតិកម្ពុជាមានសេចក្ដីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធីអបអរសាទរ « ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១ » ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្ដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសនៃទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ « ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិកម្ពុជា » ដែលជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសចំពោះមនុស្សវ័យចាស់ ។
ក្នុងឱកាស នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១ ឯកឧត្ដម អភិបាលខេត្ត និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកណ្ដាល បានឧបត្ថម្ភដល់លោកតា លោកយាយ ដែលជាសមាជិកមនុស្សចាស់ចំនួន ៣០០នាក់ ដែលជាសមាភាពថ្នាក់ដឹងនាំសមាគមមនុស្សចាស់គ្រប់ឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ដោយក្នុងមួយនាក់ៗ ទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ត្រីខចំនួន ១យួរ ម៉ាស់ចំនួន ១ដុំ និងថវិកាចំនួន ១០ម៉ឺនរៀល ។