រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៉ីវ ដែលមានជាតិដែក

ខេត្តកណ្តាល៖ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានធ្វើការអំពាវនាវដល់ គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមជួយរួមចំណែកជំរុញ និងឧបត្ថម្ភគាំទ្រដល់កម្មវិធី បញ្ចូលជាតិដែកទៅក្នុងទឹកត្រី ទឹកស៊ីអ៉ីវ នៅប្រទេសកម្ពុជាជាបន្តទៀត ដើម្បីចូលរួមចំណែកថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ត្រី និងកុមារ។ការអំពាវនាវនេះធ្វើឡើងនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៉ីវ ដែលមានជាតិដែក និងពង្រឹងការអនុវត្ដខ្លឹមសារប្រកាសអន្តរក្រសួង លេខៈ០៤៨ កជអជ ស្ដីពីការ ផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៉ីវដែលមានជាតិដែក ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត អជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ។ឯកឧត្តមបានបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភ ជាតិដែក គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងបីទៀតគឺ បញ្ហាកង្វះប្រូតេអីន កង្វះជីវជាតិអា និង កង្វះជាតិអ៊ីយ៉ូដ បញ្ជាកង្វះជាតិដែកបណ្តាលឱ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារ មានភាពយឺតយ៉ាវ និងមានភាពស្លេកស្លាំង ហើយប្រសិនបើមានកង្វះជាតិដែកកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្ដាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬទារកកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាពចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច សង្គមទៀតផង។ឯកឧត្តមបានបន្ថែមថា សិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ គឺជាការជួបជុំដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយបន្តទៅដល់ ប្រជាពលរដ្ឋ និងម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៉ីវ ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ និងពង្រឹងបន្ថែមទៀតនូវគោលដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺ ត្រូវពង្រឹងលើការផលិត និងការនាំចូលទឹកត្រី ទឹកស៊ីអីវ ដាច់ខាតត្រូវតែមានជាតិដែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការខិតខំធ្វើយ៉ាងណារក្សាឱ្យបាននូវចីរភាពនៃកម្មវិធីបញ្ចូលជាតិដែកទៅក្នុងទឹកត្រី ទឹកស៊ីអីវ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ។ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា ដើម្បីធានាថា ទឹកត្រី ទឹកស៊ីអ៉ីវដែលមានជាតិដែកត្រូវតាមស្តង់ដាកំណត់នោះ គឺត្រូវមានការចូលរួមយ៉ាងសកម្មទាំងអស់គ្នា ទាំងផលិតករ ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៉ីវ ពិសេសគឺមន្រ្តីរជំនាញ និង ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ មន្រ្តីជំនាញ ត្រូវផ្សព្វផ្សាយ តាមដានចុះត្រួតពនិត្យអោយបានជាក់លាក់ រាល់ការផលិតរបស់សិប្បកម្មនីមួយៗ តើត្រូវតាម ស្តង់ដាក់កំណត់ហើយឬនៅ ។ឯកឧត្តមក៏បាន អំពាវនាវអោយសិក្ខាកាមទាំងអស់ចូលរួមផ្តល់មតិ យោបល់ និង ធ្វើការពិភាក្សាអោយបានផុលផុស ដើម្បីរកចំណុចល្អ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកាត់បន្ថយបញ្ហាកង្វះសារធាតុចិញ្ចឹម និងភាពស្លេកស្លាំង តាមរយៈការបញ្ចូលជាតិដែក និង មីក្រូសារជាតិ តាមស្តង់ដាចូលក្នុងទឹកត្រី ទឹកស៊ីវអ៉ីវ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។

អត្ថបទទាក់ទង