ខេត្តកណ្តាល៖ អាជ្ញាធរ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិកោះរះលើ និងភូមិកោះរះក្រោម ត្រូវត្រៀមលក្ខណះអោយបានគ្រប់គ្រាន់ដូចជាបង្គោលព្រំដីអោយបានច្បាស់លាស់ ឯកសារពាក់ព័ន្ធរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ.ល.ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែងបានឆាប់រហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានទាន់ពេលវេលា លោក ទៀង កុស្យារៈ បានថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ នៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។លោកបបានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុស ត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក ដែលកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។ នេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ក្នុងឱកាសនោះ លោក ផៃ ចាន់សុភី អភិបាលរងស្រុកល្វាឯម បានអោយដឹងថាក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល និងចាត់ចែង មិនត្រឹមតែប៉ុណ្ណោះបណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាង នៅពេលមានជំលោះកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ជាមួយគ្នានេះ លោកអភិបាលរងស្រុក ក៏បានស្នើដល់ប្រជាពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយទទួលបានជោគជ័យនាពេលខាងមុខ៕