រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ

ខេត្តកណ្តាល៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ស្ថិតនៅក្នុងឃុំបារគូរ ស្រុកកណ្តាលស្ទឹង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នាឱកាសចុះពិនិត្យមណ្ឌលនេះ ឯកឧត្តម វង សូត បានបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន មណ្ឌលយុវនីតិសម្បទា គឺជាមណ្ឌលទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គ្រប់គ្រង ថែរក្សា ការពារ ផ្តល់សេវាពិគ្រោះយោបល់ អប់រំ កែប្រែ តម្រង់ទិស ព្យាបាលថែទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ និងសមត្ថភាពជាក់ស្តែង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ និងក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មណ្ឌលយុវនីតិសម្បទានេះ មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ហើយផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។សូមជម្រាបថាមណ្ឌលយុវនីតិសម្បទា ត្រូវបានសាងសង់លើផ្ទៃដីជាង ៤ហិតា ដោយក្នុងមណ្ឌលទាំងមូលរួមមាន៖ ក្លោងទ្វារ ទំហំ ១០ម កំពស់ ៦ម ចំនួន១។ មានរបងរៀបឥដ្ឋ កំពស់ ៣ម និងបំពាក់លួសបន្លា ប្រវែង ៨៣០ម និង មានរបងសំណាញ់ដែក ប្រវែង ៧៧០ម។ មានផ្លូវបេតុង ទំហំ(៨ម x ៧៥ម) (៤ម x ៣៥ម) និងផ្លូវបេតុងជុំវិញមណ្ឌល ទំហំ(១,៥ម x ៨៥០ម) ។ មានអតារស្នាក់នៅអនីតិជន ទំហំ(១០ម x ៥៤ម) ចំនួន ២ខ្នង អគាររងចាំ ទំហំ (១០មx ២០ម) ចំនួន ២ខ្នង ឃ្លាំងស្តុកសម្ភារៈ ទំហំ (៧៥ម x ១៧,៥ម) ចំនួន ១ខ្នង និង ប៉ុស្តិ៍យាម,,(ប៉ម) ទំហំ (២ម x ២ម) កំពស់ ៣ម ចំនួន៧ និងអាងស្តុកទឹកផ្ទាល់ដី ចំណុះ ១៦ម៉ែត្រគូប ចំនួន១។ មានអគាររដ្ឋបាល ទំហំ (១២ម x ៤៨ម) ចំនួន ១ខ្នង ផ្លូវដើរប្រក់ដំបូល ទំហំ (៤ម x ១៦ម) ចំនួន ៦ខ្នង មានអគារស្នាក់នៅមន្ត្រីមណ្ឌល និង បណ្តុះបណ្តាលអនីតិជន ទំហំ (១០ម x ១០៨ម) ចំនួន ១ខ្នង។ មាន អគារស្នាក់នៅអនីតិជន ទំហំ (១០ម x ១០៨ម) ចំនួន ២ខ្នង អគារផ្ទះបាយអនីតិជន ទំហំ (១០.៥ម x ៣៤ម) ចំនួន ១ខ្នង របងខាងមុខ ប្រវែង ៣១០ម មានអគារស្នាក់នៅអនីតិជន ទំហំ (១០ម x ៥៤ម) ចំនួន ២ខ្នង អគារអាហារដ្នានអនីតិជន ទំហំ (២៥ម x ៧៦ម) ចំនួន ១ខ្នង អគារសិប្បកម្ម ទំហំ (៧ម x ១៤ម) ចំនួន ១ខ្នង និងអគារសិប្បកម្ម ទំហំ (១០ម x ២៨ម) ចំនួន ១ខ្នង។

អត្ថបទទាក់ទង