ខេត្តកណ្ដាល៖ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានថ្លែងនៅក្នុងពិធីបិទការប្រណាំងទូកជ្រើសរើសជើងឯក ទូកខ្នាតខ្លី និងខ្នាតវែង ដែលបានប្រារព្ធឡើងក្រោមសំឡេងស្រែកហោរសប្បាយរីករាយ៉ាងកងរំពងពីចំណាក់ប្រជាពលរដ្ឋដែលបានចូលរួមទស្សនារាប់ពាន់នាក់នៅមាត់ទន្លេមេគង្គ ទល់មុខអធិការដ្ឋាននគរបាលស្រុកល្វាឯម ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា រដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រណាំងទូកនេះឡើង ក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រក្សានូវប្រពៃណីទំនៀមទម្លាប់ពីដូនតា និងពង្រឹងនូវស្មារតីសាមគ្គីភាពគ្នា ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេស ឱ្យមានការជួបជុំឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ខណៈដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏មានភាពធូរស្រាលច្រើន។
លោកបានបន្តថា ការរៀបចំពិធីប្រណាំងទូកនេះក៏ធ្វើឡើងបាន គឺដោយសារដោយមានការចូលរួមគាំទ្រពីព្រះគ្រូចៅអធិការតាមបណ្ដាវត្ត រួមនឹងសប្បុរសជនជាច្រើនរូប ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ពិសេសគឺដើម្បីចូលរួមអបអរសាទរខួប ៣ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត របស់ស្រុកល្វាឯម ទៅក្នុងបញ្ជីរបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ(២៨ ខែវិច្ឆិកា ឆ្នាំ២០១៨-២៨ ខែវិច្ឆិកា ឆ្នាំ២០២១) ផងដែរ។
នាឱកាសនោះដែរ លោកអភិបាលស្រុកល្វាឯម ក៏បានឆ្លៀតអប់រំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ អនុវត្តនូវវិធានអនាម័យ ឱ្យបានល្អប្រសើរ ត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសត្រូវពាក់ម៉ាសឱ្យបានគ្រប់គ្នា បើទោះបីជាប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាបានឆ្លងកាត់កាវាស់កំដៅ ការបាញ់អាកុលនិងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាលក៏ដោយ។
សូមជម្រាបថាក្នុងចំណោមក្រុង-ស្រុកទាំងអស់របស់ខេត្តកណ្ដាល ស្រុកល្វាឯម គឺជាស្រុកដែលមានទូកង ច្រើនជាងគេ។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃនេះ មានទូកចូលរួមចំនួន ៥០ទូក ក្នុងនោះ ទូកខ្លីមានចំនួន ២៤ទូក ទូកវែង មានចំនួន ២៦ទូក ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះរួចមក ជ័យលាភីសម្រាប់ទូកខ្លីលេខ១ បានទៅលើទូកឈ្មោះ កំហែងបារមីតេជោសែនជ័យ លេខ២ បានទៅលើទូកឈ្មោះ នគរសែនជ័យ និងលេខ៣ បានទៅលើទូកឈ្មោះ ស.ស.យ.ក ស្រុកល្វាឯម។ សម្រាប់ជ័យលាភីទូកវែង លេខ១ បានទៅលើទូកឈ្មោះស្រីសសុខសែនជ័យ លេខ២ បានទៅលើទូកឈ្មោះ ពិជ័យកុមារតេជោសែនជ័យ លេខ៣ បានទៅលើទូកឈ្មោះ អធិរាជផ្គរលាន់លើផ្ទៃជលសា និងលេខ៤ បានទៅលើទូកឈ្មោះបារមីពោធិ៍មាសតេជោសែនជ័យ។