ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងឯកឧត្ដម កឹម បុរី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សិត្បូ ព្រមទាំងសហការរី និងមន្ត្រីរាជការ បានចែកអាវរងា ភួយ និងស្បៀងអាហារមួយចំនួន ដល់ប្រជាពលរដ្ឋចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន៣២០នាក់ មកពីសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែកអំណោយនេះធ្វើឡើង ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេច អគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះក្នុងពេលមានធាតុអាកាសត្រជាក់ចូលមកដល់ ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់។ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត។ឯកឧត្ដមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្តមក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។បើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា អាកាសធាតុត្រជាក់នឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ ហើយអាកាសធាតុត្រជាក់ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យសីតុណ្ហភាពនៅតំបន់នានាក្នុងប្រទេសធ្លាក់ចុះមកនៅត្រឹម ១៥ អង្សារសេ។សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣២០នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ និងថវិកា៥ម៉ឺនរៀល។