រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល បានបើកវគ្គផ្សព្វផ្សាយ ស្ដីពីកិច្ចដំណើការ ការិយាល័យប្រជាពលរដ្ឋខេត្ត នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ លោក មាស ប៊ុនថុល អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល បានបញ្ជាក់នៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ស្ដីពីកិច្ចដំណើការ ការិយាល័យប្រជាពលរដ្ឋខេត្ត នៅស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១នេះថា វគ្គផ្សព្វផ្សាយ ស្ដីពីកិច្ចដំណើការ ការិយាល័យប្រជាពលរដ្ឋខេត្ត គឺមានគោលបំណង ដើម្បីឱ្យសិក្ខាកាមដែលចូលរួម មានសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីពាក់ព័ន្ធ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យប្រជាពលរដ្ឋស្រុក ទាំងអស់ បានយល់ច្បាស់អំពីតួនាទីភារកិច្ច សិទ្ធិអំណាច សមត្ថកិច្ច និងរបៀបរបបធ្វើការងារ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។

លោកបានបន្តថា វគ្គផ្សព្វផ្សាយនេះក៏ធ្វើឡើងដើម្បីជាទុនសម្រាប់ ជំរុញ និងលើកទឹកចិត្តឱ្យសិក្ខាកាមដែលចូលរួមទាំងអស់ ប្រើប្រាស់យន្តការការិយាល័យប្រជាពលរដ្ឋនេះ ដើម្បីសម្រាប់សម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈនានារបស់រាជធានី-ខេត្ត ឱ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីបង្កើនជំជឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែខ្លាំងឡើង ហើយការចូលរួមរបស់សិក្ខាកាមទាំងអស់នៅទីនេះ គឺជាវិភាគទានដ៏ថ្លៃថ្លា និងមានសារៈសំខាន់បំផុត ក្នុងការគាំទ្រ ដល់យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ក្នុងពិធីនេះដែរ លោក សុខ ពិសិទ្ឋ អភិបាលរងស្រុកកៀនស្វាយ បានធ្វើការលើកទឹកចិត្ត និងអំពាវនាវ ដល់សិក្ខាកាមដែលចូលរួមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់វាគ្មិន ត្រូវលើកឡើងអំពីបញ្ហា និងចម្ងល់នានា ដើម្បីទុកឱ្យវាគ្មិនធ្វើការពន្យល់បកស្រាយបំភ្លឺ ឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានការភន័្តច្រឡំ ឬមិនច្បាស់លាស់អំពីតួនាទី ភារកិច្ច ឬក៏សិទ្ធិអំណាចការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។

លោកអភិបាលរងស្រុក ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះហើយ ត្រូវនាំយកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយបន្ត ដល់អជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើឱ្យពួកគាត់មានការយល់ដឹងច្បាស់លាស់អំពីយន្តការការិយាល័យប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីកិច្ចដំណើការ ការិយាល័យប្រជាពលរដ្ឋខេត្ត នាឱកាសនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងសិក្សាអំពីរចនាសម្ព័ន្ធ និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។ បានសិក្សាស្វែងយល់អំពីរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ ហើយនៅចុងវគ្គសិក្ខាកាមទាំងអស់ក៏បានទទួលការធ្វើតេស្តស្ទង់សមត្ថភាព និងសំណួរចម្លើយផងដែរ។

អត្ថបទទាក់ទង