រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ត្រីជំនាញសុរិយោដីខេត្តកណ្តាល បានបិទផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន ៩៤០ក្បាលដី ក្នុងភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល

ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅភូមិព្រែកជ្រៅ ឃុំរកាកោង២ និងម្ចាស់ក្បាលដី មកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ ចៀសវាងខុស កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុស​ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឱ្យមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ឱ្យបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជី​ដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានក្បាល់ដីចំនួន៩៤០ក្បាលដី ។

លោក ទៀង កុស្យាៈ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឱ្យមន្ត្រីជំនាញធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ។

ថ្លែងក្នុងពិធីនេះដែរ លោកស្រី ដឹប អេង អភិបាលរងស្រុកមុខកំពូល បានមានប្រសាសន៍ថា ការចុះបញ្ជីរដីមានលក្ខណជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។

លោកអភិបាលរងស្រុកមុខកំពូល បានបន្តទៀតថា ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។

អត្ថបទទាក់ទង