រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងជនពិការ មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល» ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត។

មានមតិសំណេះសំណាលក្នុងទិវានេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយគាំទ្រ និងចូលរួមធ្វើសកម្មភាព ឱ្យបានសស្រាក់សស្រាំ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើងផង និងពិភពលោកផង យើងទាំងអស់គ្នាត្រូវតែរួមកម្លាំងសាមគ្គីជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីឈានទៅសម្រេចទិសដៅ ធ្វើឱ្យប្រទេសជាតិយើង និងពិភពលោក ជៀសផុតពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ ពុំមានជំងឺអេដស៍ និងពុំមានជំងឺរាតត្បាតជាសកលទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ស្ដីពីបញ្ហាជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតផ្សេងៗ សាខាបានបញ្ជ្រាបការងារផ្សព្វផ្សាយអប់រំស្ដីពីការរើសអើង ការទប់ស្កាត់ការឆ្លងនៃមេរោគអេដស៍ បានអប់រំណែនាំស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់នៅមណ្ឌលសុខភាព បានផ្សព្វផ្សាយស្ដីពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតមានជំងឺគ្រុនឈីកគ្រុនឈាមជាដើម ដល់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សេងៗ និងកម្មវិធីចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ និងគ្រួសារងាយរងគ្រោះបំផុតនៅតាមសហគមន៍សរុបបានចំនួន ៥៤ លើក ដោយមានអ្នកចូលរួមទទួលយកការផ្សព្វផ្សាយអប់រំសរុបចំនួន ៣០៣៩នាក់។

ថ្លែងនៅក្នុងទិវានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែ មានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅ ជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

បន្ថែមពីលើនេះ លោកជំទាវក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយនឹងជំងឺអេដស៍ កុមារកំព្រាដែលឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍ និងជនពិការ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ពិសេសត្រូវខិតខំបន្តធ្វើការងារ ដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារបន្តទៀត។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ដល់អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៤០នាក់ និងជនពិការ ចំនួន២៥នាក់ មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅនាឱកាសនោះ គឺក្នុងម្នាក់ទទួលបាន អង្ករ ២៥kg មី ១ កេស ត្រីខ ១យួរ ទឹកសុទ្ធដបធំ ១កេស អាវរងា ១ ភួយ ១ ជេលលាងដៃ ១ដប សាប៊ូ ១ដុំ ម៉ាស ១០បន្ទះ និងថវិកា ៥ម៉ឺនរៀល។

អត្ថបទទាក់ទង