រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ម្ចាស់អាជីវកម្មរណ្ដៅដី ចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើខុសបច្ចេកទេស និងធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន ០៨ទីតាំង ដែលស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអោយម្ចាស់អាជីវកម្មរណ្ដៅដី ចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ។ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ដើម្បីពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និងការធ្វើអាជីវកម្មរ៉ែដែលពុំមានច្បាប់អនុញ្ញាត ការធ្វើខុសបច្ចេកទេសរ៉ែ ការធ្វើលើសដែនអាជ្ញាបណ្ណ និងការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារចម្រុះខេត្ត បានចុះធ្វើការពិនិត្យ នៅរណ្ដៅដីចំនួន ០៨ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបានរកឃើញថាម្ចាស់ទីតាំងចំនួន ០៨ នេះ គ្មានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការចម្រុះ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ ត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើអាជ្ញាប័ណ្ណជូនពួកគាត់ប្រកបដោយភាពរលូន និងឆាប់រហ័ស។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដល់មន្ត្រីពាក់ព័ន្ធ មិនត្រូវទារថ្លៃសេវាលើស ពីម្ចាស់អាជីវកម្មទាំងអស់ ហើយក្នុងករណីមានមន្ត្រីយកលើសថ្លៃសេវា លើការចេញអាជ្ញាប័ណ្ណ ឯកឧត្តម ស្នើដល់ម្ចាស់អាជីវកម្មត្រូវរាយការណ៍ជូនភ្លាម ដើម្បីចាត់វិធានការតាមច្បាប់។ ជាមួយគ្នានេះដែរ គណៈកម្មការចម្រុះ ត្រូវបន្តចុះពិនិត្យ ដល់ទីតាំងរណ្ដៅដី ទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ការធ្វើអាជីវកម្មដោយមានច្បាប់អនុញ្ញាត ការធ្វើតាមលក្ខខណ្ឌបច្ចេកទេសរ៉ែ និងបង្កើនបង់ពន្ធសួយសារចូលរដ្ឋ។

អត្ថបទទាក់ទង