++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យផ្កាសាមគ្គី សម្រាប់ប្រមូលថវិកាជួសជុលដំបូលអគារសិក្សា ១ខ្នង ស្មើនឹង៥បន្ទប់ នៃវិទ្យាល័យបានដាវ ស្ថិតនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដែលពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា សាលារៀនគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាទំពាំងស្នងឬស្សី សម្រាប់បន្តវេន និងបន្តការអភិវឌ្ឍរបស់ប្រទេសជាតិ។ ដូច្នេះសូមប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរៀនឱ្យចេះនូវចក្ខុស្តម្ភទាំង៤ គឺរៀនរស់នៅជាមួយគ្នា រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ និងរៀនដើម្បីចេះរស់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាពអោយបានគង់វង្សជារៀងរហូត ដើម្បីអោយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទោះបីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងក្ដី តែសូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវយ័ន្តដ៏ស័ក្កិសិទ្ធរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង ៣ការពារ ដើម្បីចៀសផុតពីការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។ ថវិកាដែលប្រមូលបាន ពីសទ្ធាជ្រះថ្លារបស់ មន្ត្រីរាជការ អាណាព្យាបាល និងប្រជាពលរដ្ឋ សរុបថវិកាចំនួន ៥០០០$ ដើម្បីសាងសង់នៅដំបូលអាគារសាលា ១ខ្នង ស្មើនឹង៥បន្ទប់ នៃវិទ្យាល័យបានដាវ។ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តបានចូលបច្ច័យកសាងដំបូលវិហាវត្តបានដាវចំនួន១ម៉ឺនដុល្លា និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបច្ច័យចំនួន ៣ពាន់ដុល្លា៕