រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកខ្សាច់កណ្តាល រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន

++++++ខេត្តកណ្តាល៖ ថ្លែងទៅកាន់ អាជ្ញាធរស្រុកខ្សាច់កណ្តាល អង្គភាពពាក់ព័ន្ធ តំណាងអង្គការ និងសប្បុរសជននានា នៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក ឃុំ នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នុតពុធ ដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណង ផ្ដល់ឱកាសឱ្យមានការផ្សារភ្ជាប់បានកាន់តែរលូនរវាងដំណើរការ កសាងផែនការរបស់ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសប្បុរសជនទាំងអស់ សំដៅជំរុញឱ្យកម្មវិធីវិនិយោគស្រុក និងផែនការឃុំ មានលក្ខណៈសមស្របអាចទទួល​យក​​បាន ឆ្លើយតបនឹងតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន និងទទួលការគាំទ្របានច្រើន។ដើម្បីឱ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តមអភិបាលរងខេត្តបានលើកទឹកចិត្តដល់ អង្គសិក្ខាសាលា ត្រូវរៀបចំគម្រោងជាអាតិភាពឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដោយឆ្លុះបញ្ចាំងឱ្យបានច្បាស់លាស់ អំពីអាទិភាពនានា ដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគឃុំ។ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូនដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំ។ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ ។បន្ថែមពីលើនេះ ឯកឧត្តមបានបន្តថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២២ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ។ ចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើ សិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រទេនោះ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ គម្រោងដែលឃុំទាំង១៨ បានស្នើឡើងមានសរុប ៤០៥គម្រោង ចែកចេញជា ៧វិស័យ រួមមាន៖ វិស័យកសិកម្មមាន ៥៣គម្រោង វិស័យអាជីវកម្ម ៤៣គម្រោង វិស័យវិស័យអប់រំ ២៥គម្រោង វិស័យសុខភាព ១៣៤ គម្រោង វិស័យភាពងាយរងគ្រោះ ១៨គម្រោង វិស័យបរិស្ថាន ៥៨គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៧៤គម្រោង ។ជាលទ្ធផលនៃសិក្ខាសាលានេះគំរោងរបស់ឃុំដែលទទួលការគាំទ្រ សរុបមានចំនួន ២៦៩ លើ៤០៥ ក្នុងនោះ ក្នុងគម្រោងទទួលបានការគាំទ្រ ១៩៦ លើ៤០៥គម្រោង ក្រៅគម្រោងទទួលបានការគាំទ្រ ៧៣ លើ៤០៥គម្រោង។ ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៣ លើ ៦១គម្រោង ក្នុងគម្រោង ទទួលបាន ៣ លើ៦១គម្រោង ។

អត្ថបទទាក់ទង