រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ ធន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ប្រាប់ ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងវេទិកានេះ ឯកឧត្តម នូវប៉េង ច័ន្ទដារា អភិបាលរងខេត្តកណ្ដាល បានរាយការណ៍ ពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើងផងដែរ។ឯកឧត្តមបានឱ្យដឹងថា តាមរយៈការដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋខេត្ត ក្នុងការពង្រឹងយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដោយបានរៀបចំប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹងតវ៉ានៅតាមបណ្តាមន្ទីរ អង្គភាព ឃុំ សង្កាត់ និង តាមទីប្រជុំជន សរុបចំនួន ១៧៤ប្រអប់សំបុត្រ ក្នុងរយៈពេល ៩ខែនេះ ទទួលបានពាក្យបណ្តឹងសរុបចំនួន ១០៥បណ្តឹង ស្ថិតក្នុងសមត្ថកិច្ច ៦៩បណ្ដឹង បានដោះស្រាយបញ្ចប់ជាស្ថាពរបានចំនូន ៦៩បណ្តឹង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ ធន ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

សូមជំរាបថា សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សានៅស្រុកកៀស្វាយ កាលពីឆ្នាំ២០២០ ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរ ឱ្យមន្ដ្រីជំនាញធ្វើការបកស្រាយអំពីពន្ធប្រថាប់ត្រា តម្លៃបង់ពន្ធរដ្ឋតម្រូវអោយបង់ តម្លៃបង់ពន្ធដីលំនៅដ្ឋាន ១ ម៉ែត្រការ៉េថ្លៃប៉ុន្មាន? ដីកសិកម្ម ១ម៉ែត្រការ៉េថ្លៃប៉ុន្មាន? ប្រជាពលរដ្ឋបានសំណូមពរ ឱ្យពន្លឿនការចុះធ្វើប្លង់ដីលក្ខណៈប្រព័ន្ធ សំណូមពរដល់មន្ទីរជំនាញ ត្រូវធ្វើការកែសម្រួលលើការងារអនុវត្តប្លង់គោល ឬប្លង់ហេដ្ឋរចនាសម្ព័ន្ធឡើងវិញ ពីព្រោះបានកាត់ដីរបស់គាត់ច្រើនម៉ែត្រការ៉េ ។

ចំពោះសំណូមពរខាងលើនេះ ត្រូវបានតំណាងសាខាពន្ធដារខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការពន្យល់ និងបកស្រាយជូននៅក្នុងអង្គវេទិកាបានយ៉ាងច្បាស់លាស់។ដោយឡែកសំរាប់វេទិការក្នុងថ្ងៃនេះ មានប្រជាពលរដ្ឋឡើងសំណូមពរ ផ្ទាល់មាត់ចំនួន ៩នាក់ មាន១១សំណូមពរ និងសរសេរជាក្រដាស់ចំនួន១៧ស្មើនឹង ១៩សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាអគ្គិសនី បញ្ហាទឹកស្អាត សុំធ្វើផ្លូវបេតុង ដាក់លូរំដោះទឹក បញ្ហាជំនន់ទឹកភ្លៀង ខ្វះទឹកធ្វើកសិកម្មនៅរដូវប្រាំង ស្នើសុំប្រឡាយទឹក និងវិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត បានឡើងធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

អត្ថបទទាក់ទង