រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅស្រុកល្វាឯម

ខេត្តកណ្តាល៖ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ដែលបានរៀបចំនៅក្នុងសាលាស្រុកល្វាឯមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

លោកជំទាវ នួន នារតី បានបញ្ជាក់ថា ការងារចាំបាច់ និងសំខាន់បំផុតរបស់ក្រុមប្រឹក្សាខេត្តក្នុងអាណត្តិនេះ គឺការឆ្លើយតបទៅ នឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានសំណូមពរក្នុងវេទិកា និងទទួលយកបញ្ហាប្រឈម និងសំណូមពរថ្មីៗរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការឆ្លើយតប និងធ្វើការដោះស្រាយ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងវេទិកានេះដែរ ឯកឧត្តម នុត ពុធដារ៉ា បានជំរុញដល់អាជ្ញាធរស្រុកក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តខិតខំធ្វើការឱ្យបានសកម្ម ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ​ត្រូវពង្រឹងលើការអនុវត្តគោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និងកិច្ចការ​អភិវឌ្ឍន៍មូល​ដ្ឋាន​ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពឱ្យបានឆាប់រហ័សបំផុត ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ ក៏ត្រូវបន្តការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ក្នុងវេទិការនេះ មានប្រជាពលរដ្ឋឡើងសំណូមពរ ផ្ទាល់មាត់ចំនួន ៣នាក់ ស្មើនឹង៤សំណូមពរ និងសរសេរជាក្រដាស់ចំនួន៩ ស្មើនឹង ១០សំណូមពរ មានដូចជា៖ ស្នើសុំជួសជុលសាលាឃុំ ធ្វើរបងសាលារៀន សុំផ្លូវបេតុង ធ្វើលូរំដោះទឹក ប្រជាការពារស្នើសុំ សម្លាក់បំពាក់ សាំង ម៉ាស អាកុល និងប្រជាពលរដ្ឋបានស្នើសុំសាងសង់ស្ពានចំនួន១ ដែលសំណើ និងសំណូមពរទាំងនេះមួយចំនួនត្រូវបានដោះស្រាយភ្លាមៗ និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅរដ្ឋបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងដោះស្រាយជូនឱ្យបានឆាប់បំផុត។

អត្ថបទទាក់ទង