រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្ដាលឆ្នាំ២០២១

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្ដាលឆ្នាំ២០២១ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល។ ពិធីនៅដែរមានការអញ្ជើញចូលពីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាច្រើននាក់។

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បាមឱ្យដឹងថា មហោស្រពសិល្បៈមហាជនប្រារព្ធធ្វើឡើង ដើម្បីជ្រើសរើសយកបេក្ខជន បេក្ខនារី ដែលមានសមត្ថភាព និងទេពកោសល្យលើសគេ គឺផ្នែកចម្រៀងប្រពៃណីចំនួន០១រូប និងផ្នែកចម្រៀងសម័យចំនួន០១រូប ប្រចាំ ខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២១។ បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡង មានចំនួន៣៧នាក់ ផ្នែកចម្រៀងប្រពៃណី មានចំនួន ១០នាក់ ផ្នែកចម្រៀងសម័យ មានចំនួន ២៧នាក់។

មានប្រសាសន៍ក្នុងពិធីបុណ្យនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ការប្រារព្ធពិធីមហោស្រពសិល្បៈមហាជននេះឡើង គឺរក្សាបាននូវការអភិរក្ស និងការលើកតម្កើងសិល្បៈ វប្បធម៌ជាតិខ្មែរឱ្យបានឋិតថេរគង់វង្ស ពិសេសសូមធ្វើការកោតសរសើរដល់ក្រុម សិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមបង្ហាញនូវសមត្ថភាព ទេពកោសល្យសិល្បៈទៅតាម ជំនាញរៀងៗខ្លួន ធ្វើឱ្យពិធីមហោស្រពប្រព្រឹត្តទៅ ទទួលបានជោគជ័យគួរជាទីពេញចិត្ត។

លោកជំទាវអភិបាលរងខេត្ត បន្តថា សិល្បៈវប្បធម៌ ដែលបុព្វបុរសយើងបានបន្សល់ទុក មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿង នៃមនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែវប្បធម៌ គឺជាព្រលឹង ជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់តិ៍រស់ ផ្សារភ្ជាប់ ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅ ប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាពសម្រាប់ប្រជាជាតិទាំងមូល ស្របតាមទិសស្លោក “កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌" ព្រមទាំងរួមចំណែកក្នុងការ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។

លោកជំទាវអភិបាលរងខេត្ត បន្ថែមថា បើបើទោះបីជាកន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបាន ប្រកាសបិទបញ្ចប់នូវ “ ព្រឹត្តិការណ៍២០កុម្ភះ" យ៉ាងនេះក្តី ក៏យើងទាំងអស់គ្នាមិនត្រូវបោះបង់ការប្រុងប្រយ័ត្ន និងការពារដែរ ពិសេសត្រូវបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវ យ័ន្តដ៏សក្កិសិទ្ធ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖ "៣ ការពារ និង ៣ កុំ" ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ និង សិល្បករ សិល្បការិនីទាំងអស់ បន្តសហការចូលរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស នូវ សម្បត្តិវប្បធម៌ជាតិ ដែលជាអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម នៃជាតិខ្មែរយើង រក្សាបាននូវឯក ភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ ។

អត្ថបទទាក់ទង