ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា ពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាត់តាំងរៀបចំប្រារព្ធធ្វើពិធីជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក ក្នុងសក្ខីភាពដើម្បីបង្ហាញពីការយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោក។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ក្នុងការប្រារព្ធពិធីនេះមិនមែនតែចូលរួមចំណែករំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ក្រើនរំលឹក និងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងពីហានិភ័យ នៃគ្រោះថ្នាក់ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសដូចជាការបើកបរលឿនលើសកំណត់ ការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។
នៅក្នុងពិធីនេះនេះផងដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មួកសុវត្ថិភាពជូនតំណាងចំនួន ១០រូប និងរាប់បាត្រ និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។