រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ និងអបអរសាទរ ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧មករា

ខេត្តកណ្ដាល៖ ថ្លែងទៅកាន់មន្ត្រីរាជការសាលាខេត្តកណ្តាល និងមន្រ្តីកម្មសិក្សាការី ដែលបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២២ និងអបអរសាទរ ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច របស់ខ្លួនបានល្អ ជាពិសេសគោរពនូវវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្រ សិក្សាស្វែងយល់ ក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម នៃបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឱ្យខេត្តទទួលបាននូវ សមិទ្ធផលថ្មីៗ និងមានការអភិវឌ្ឍកាន់តែប្រសើរឡើង។

នាឱកាសនោះឯកឧត្តម បានលើកទឹកចិត្តដល់មន្ត្រីវ័យក្មេង ដែលជាមន្ត្រីត្រូវបន្តវេណពីមន្ត្រីចាស់ៗដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំរៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ របៀបរបបការងារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឱ្យកើនឡើងទ្វេរដងទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ សំដៅអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ឲ្យមានសមត្ថភាពពេញលេញ ក្នុងការបំពេញភារ និងកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជាតិយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍយ៉ាងណាក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឹចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុតក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យមាតុភូមិកម្ពុជា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឆ្លងកាត់រយៈពេល៤៣ឆ្នាំ បន្ទាប់ពីជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការសម្លាប់រង្គាល បានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើងបន្តទៀត។

អត្ថបទទាក់ទង