រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សមាគមសម្រាប់ ជំនួយ និង សង្គ្រោះរបស់ប្រទេសជប៉ុន (ដែលហៅកាត់ថា AAR ជប៉ុន) បានឧបត្ថម្ភអគារមួយខ្នងមាន២បន្ទប់ សម្រាប់សាលាបឋមសិក្សាព្រៃធំ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សាលាបឋមសិក្សាព្រៃធំ បានរៀបចំពិធី សម្ពោធបើកឱ្យដំណើរការអគារសិក្សា ១ខ្នង ស្មើ ២បន្ទប់ និងបង្គន់រចនាជាសកលចំនួន ១បន្ទប់ សម្រាប់ថ្នាក់សមាហរណកម្ម និងមណ្ឌលធនធាន នៃសាលាបឋមសិក្សាព្រៃធំ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា គូបូ តូម៉ូកុ(Ms.Kubo)លេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីសម្ពោធបើកឱ្យដំណើរការនូវអគារសិក្សានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាគមសម្រាប់ ជំនួយ និង សង្គ្រោះរបស់ប្រទេសជប៉ុន (ដែលហៅកាត់ថា AAR ជប៉ុន) ដែលបានសាងសង់អាគារ ១ខ្នង ២បន្ទប់ បង្គន់រចនាជាសកលចំនួន១បន្ទប់ និងផ្លូវបេតុងប្រវែង៣៧ម៉ែត្រ ផ្លូវក្រាលការ៉ូឡាប្រវែង ៣៤ ម៉ែត្រ បង្គន់រចនាជាសកលចំនួន១ខ្នង ស្មើនឹង១បន្ទប់ និងជួយឧបត្ថម្ភសម្ភារបរិក្ខាសម្រាប់ថ្នាក់សមាហរកម្ម សម្ភាររៀន និងបង្រៀន សម្ភារសិក្សា សម្រាប់ថ្នាក់សមាហរណកម្ម សម្ភារបរិក្ខាសម្រាប់បន្ទប់ធនធាន សៀវភៅសម្រាប់ដាក់បន្ទប់ធនធាន ដំណើរទស្សនៈកិច្ចសិក្សា និងវគ្គបណ្តុះបណ្តាលជាផ្នែកដល់គ្រូថ្នាក់បរិយាបន្ន និងថ្នាក់អប់រំពិសេស។ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់ អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ដែលមាន លក្ខណៈសម្បត្តិ ទាំង៧ចំណុច របស់រាចរដ្ឋាភិបាល ឱ្យបានល្អប្រសើរ។

ជាងនេះទៀតត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ បន្តចូលរួមបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ មិនត្រូវមានការភ្លេចខ្លួន ពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានការធូរស្រាលនៃការឆ្លងរាលដាលក៏ដោយក្ដី តែការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ ៣ការពារ និង៣កុំ បានខ្ជាប់ខ្ជួន។

ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាព្រៃធំ ត្រូវខិតខំប្រឹងប្រែងបង្ហាត់បង្រៀនឱ្យលើសពីធម្មតា ព្រោះសិស្សានុសិស្ស មិនបានសិក្សាអស់រយៈពេលជាង២ ឆ្នាំ ដោយបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីធ្វើឱ្យសិស្សានុសិស្សទាំងអស់បានទាន់នៅអ្វីដែលយើងបានខកខានពីមុន ហើយអាណាព្យាបាល ត្រូវជួយជំរុញបន្ថែមដល់កូនៗរបស់ខ្លួន បន្ថែមទៀតក្រៅពីការសិក្សានៅក្នុងសាលា។

ជាងនេះទៀត សូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវថែរក្សាសមិទ្ធផលអាគារសិក្សាថ្មី និងត្រូវអារក្សាអនាម័យបរិស្ថានក្នុងសាលា ក្រៅសាលា ឱ្យបានល្អស្អាតដើម្បីសុខភាពយើងទាំងអស់គ្នា។

អត្ថបទទាក់ទង