ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានចូលរួមជាអធិបតីក្នុងពិធិសំណេះសំណាល បើកបវេសនកាល ជានិមិត្តរូប ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតនៅក្នុងឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកស្រី ក្រុះ ចាន់លន់ នាយិកាវិទ្យាល័យជ័យវរ្ម័នទី៧ បានឱ្យដឹងថា ការពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីនេះ មានសិស្សចំនួន ២៥៣៩នាក់ និងគ្រូចំនួន១៤៥នាក់ ក្នុងនោះស្រី៨៥នាក់ និងមានបន្ទប់រៀន៥៩បន្ទប់ ប្រកបដោយបរិកាសសប្បាយរីករាយ ស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី នៃការរាតត្បាតនៃជំងឺកូវីដ-១៩ សាលាបានឱ្យសិស្សរៀនជា០២ វេនគឺវេនព្រឹក និវេនល្ងាច ដោយសារបន្ទប់រៀនមានតែ ៤៥បន្ទប់ និងត្រូវរៀនម៉ោងបោះ (ឆ្លងវេន) ចំពោះមុខវិជ្ជាមួយចំនួនត្រូវរៀបម៉ោងបង្រៀនទៅតាមកម្រិតថ្នាក់ និងស្ថានភាពគ្រូជាក់ស្ដែង ហើយក្នុងថ្នាក់នីមួយៗសាលាបានរៀបចំសិស្សពី ៤០ ទៅ ៥០នាក់ បត់បែន តាមកាលៈទេសៈ ដោយចូលរួមយ៉ាង់ម៉ត់ចត់ក្នុងការ ការពារ និងទប់ស្កាត់ជម្ងឺ Covid-19 មិនអោយឱ្យកើតមានជាដាច់ខាតក្នុងសាលារៀន។
ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថាព្រោះតែពួកយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ស្ទើតែទូទាំងប្រទេស ធ្វើឲ្យយើងមានភាពសាំនៅក្នុងសហគមន៍ ជាពិសេសក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ ។
ឯកឧត្ដមបន្តថានេះ គឺជាការខិតខំប្រឹងប្រែង គិតគូយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រង ដាក់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនរើសអើង រហូតសម្តេច ប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងប្រកាសបើកដំណើរប្រទេសឡើងវិញ។
ហើយថ្ងៃនេះ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាជាទីស្រឡាញ់ គ្រប់ៗគ្នានៅក្នុង " គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ" ។ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជូនពរ ឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២១-២០២២ ទទួលបានលទ្ធផលល្អ សូមលោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួជាបុគ្គលនាំមុខ ជាឳពុកម្តាយទី២, ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់ សិស្សឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេន សម្រាប់ថ្ងៃអនាគត។ និងបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបាន ខ្ជាប់ខ្ជួននិងចូលរួមឱ្យបានសស្រាក់សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗុ។