រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល សហការជាមួយអង្គការ (ARD) រៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ខេត្តកណ្ដាល៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល សហការជាមួយអង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD) ដែលជាអ្នកផ្តល់សេវាបច្ចេកទេស នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា លើកទី២ ជូនដល់សហគមន៍កសិកម្ម អ្នកផលិត អាជីវករខ្នាតតូច និងមធ្យម និងស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានឱ្យពួកគាត់បានយល់ដឹងអំពីដំណើការជ្រើសរើសអ្នកទទួលផល លក្ខខណ្ឌចូលរួម ដំណើការនៃការដាក់សំណើ និងផែនការពិពិធកម្មកសិកម្ម ដើម្បីទទួលបានហិរញ្ញប្បទានពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ។

លោក ហ៊ សុផល អនុប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ប្រសើរបំផុត សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នាដើម្បី ទទួលបានព័ត៌លម្អិតអំពីគម្រោង និងឱកាសទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងកម្ចីហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលបានចូលរួមសហការជាមួយគម្រោង។

លោកបានបន្តថា ថវិកាទាំងនេះអាចទទួលបាន លុះត្រាតែសហគមន៍កសិកម្ម ក្រុមផលិត និងក្រុមហ៊ុនធុរកិច្ចកសិកម្មខ្នាតតូច និងមធ្យម បំពេញតាមលក្ខណ្ឌតម្រូវនានារបស់គម្រោង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរៀបចំសំណើពិពិធកម្មកសិកម្ម និងសំណើធុរកិច្ចកសិកម្ម ជាពិសេសទាំងក្រុមហ៊ុន និងសហគមន៍ទាំងអស់ត្រូវតែមានការចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់បន្តទៀតថា សហគមន៍កសិកម្ម និងក្រុមហ៊ុនណាដែលបានចុះបញ្ជីជាផ្លូវការ សូមសហការរួមគ្នាចងក្រងជាបណ្តាញអាជីវកម្ម និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដើម្បីរៀបចំសំណើពិពិធកម្ម និងសំណើធុរកិច្ចដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការគាំទ្រហិរញ្ញវត្ថុជាជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ចំនួន៤០%នៃទុនវិនិយោគសរុប និងមានលទ្ធភាពទទួលបានការគាំទ្រឥណទាន(កម្ចី)បន្ថែមចំនួនរហូតដល់ ៦០% ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលសហការជាមួយគម្រោងនេះផងដែរ។ ក្នុងសិក្ខាសាលានាដែរ លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោងពិពិធកម្មកសិកម្មកម្ពុជាគឺជាប្រភេទគម្រោងថ្មីមួយ និងមានលក្ខណៈប្លែកពីគម្រោងផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាឱកាសមួយថ្មីសម្រាប់សហគមន៍កសិកម្ម ក្រុមផលិត និងក្រុមហ៊ុនធុរកិច្ចកសិកម្មដែលមានបំណងចង់ពង្រីក និងកែលម្អអាជីវកម្ម ឬមុខរបរដែលមានស្រាប់ ឬបង្កើតមុខរបរថ្មីដែលមានសក្តានុពលទីផ្សារក្នុងស្រុក និងការនាំចេញ។ លោកបានឱ្យទៀតថា គម្រោងពិពិធកសិកម្មនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានថវិកាសរុប១០១,១៧ លានដុល្លារអាមេរិក ដែលក្នុងនោះពីធនាគារពិភពលោកចំនួន ៩១,៦៧ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០លានដុល្លារអាមេរិក សម្រាប់អនុវត្តសកម្មភាពក្នុងខេត្ត-ក្រុងគោលដៅចំនួន១៣ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និងកណ្តាល និងរាជធានីភ្នំពេញ។

គួរំលឹកដែលថា បន្ទាប់ពីការផ្សព្វផ្សាយគម្រោងកាលពីឆ្នាំ២០២០ កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានសំណើពិពិធកម្មកសិកម្មចំនួនជាង៥០សំណើ ជាលទ្ធផល ផែនការពិពិធកម្មកសិកម្មចំនួន ០៧ ត្រូវបានគណៈកម្មការវាយតម្លៃ និងគណៈកម្មការពិគ្រោះ និងអនុម័ត បានសម្រេចអនុម័តជាផ្លូវការ ដើម្បីឱ្យទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមលើទុនវិនិយោគ ចំនួន៤០ភាគរយ នៃថវិកាស្នើសុំសរុបរបស់ផែនការពិពិធកម្មរបស់សហគមន៍។

អត្ថបទទាក់ទង