ខេត្តកណ្តាល៖ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួន អោយបានច្បាស់លាស់ជៀសវាងខុស កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ អោយបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ០១ភូមិ គឺភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅសាលាមត្តេយ្យអំពិលរូង ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលមានក្បាលដីចំនួន១,២៨៣ក្បាលដី ។ លោក ព្រំ ឆាត បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភះឆ្នាំ២០២២។
លោកបានបន្ថែមទៀតថា ក្នុងរយៈ ពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ។ ថ្លែងក្នុងពិធីនោះដែរ លោក សំអ៊ុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍ថា៖ ការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។
លោកបានបន្តទៀតថា ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្នន័យក្បាលដីអោយបានត្រឹមត្រូវ និងច្បាស់លាស់។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានអញ្ជេីញចូលរួមសូមបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកពិនិត្យអោយបានគ្រប់ៗគ្នាចៀសវាងដល់ថ្ងៃចេញបណ្ណ័សំគាល់ម្ចាស់អចលនវត្ថុហេីយទេីបមានបណ្ណឹងអោយដោះស្រាយ នាំអោយលំបាកដល់ក្រុមការងារ។លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ នូវជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះអោយបានគ្រប់ៗគ្នា៕