ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមក្នុងកិច្ចប្រជុំកម្រិតរោងចក្រ ស្តីពី”លទ្ធភាពក្នុងការផ្លាស់ ប្តូររថយន្តដឹកកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” នៅរោងចក្រ លីនវេនជីសាន់បូការ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍ផ្តាំផ្ញើរ ទៅកាន់អង្គការមូលនិធិបង្ការរបួសអាសុី និងកម្មករនយោជិក ឯកឧត្ដម ណុប ដារ៉ា បានជម្រុញឱ្យមានមធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ព្រមទាំងជួយដល់ការរៀបចំផែនការ និងការងារ ជម្រុញឱ្យមានលទ្ធភាពក្នុងការប្តូរ/កែច្នៃរថយន្តដឹកកម្មករនិយោជិតឱ្យមានសុវត្ថិភាពប្រសើរជាងបានឆាប់រហ័ស បន្ថែមពីនេះទៀត ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យដល់កម្មករនិយោជិត ក៏បានចូលរួមចំណែកក្នុងវិស័យសុខភាពសាធារណៈ ដែលធ្វើឱ្យអ្នកដំណើរមានផាសុកភាពល្អ មានបរិយាកាសល្អ និងមិនមានជម្ងឺបៀតបៀន ដែលពួកគេមានសុខភាពល្អ និងបន្តការងារប្រចាំថ្ងៃបានទៀងទាត់ផងដែរ។