រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្ដាល ចូលរួមក្នុងពិធីបុណ្យសង្ឃទានគម្រប់៥ឆ្នាំ នៃការអនិច្ចធម្ម របស់ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត អតីតព្រះគ្រូចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា

++++++ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បាននាំយកបច្ច័យ ទេយ្យទាន មកចូលបុណ្យសង្ឃទានគម្រប់ ៥ឆ្នាំ នៃការអនិច្ចធម្ម របស់ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត អតីតព្រះគ្រូចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ក្នុងពិធីបុណ្យនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត្តម ឈុន ស៊ីរុន អ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល ព្រមទាំងមន្ត្រីរាជការទាំងអស់ បានអញ្ជើញ អុជធូប បួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី និងបានឧទ្ទិសកុសលផលបុណ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធព្រះឃោសធម្ម ញ៉ែម សុភ័ក្ត ទទួលបាននូវបុណ្យកុសល និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម ឈុន ស៊ីរុន ព្រមទាំងមន្ត្រីរាជការទាំងអស់បានសំដែងនូវការចង់ចាំជានិច្ចនូវគុណបំណាច់ របស់ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទកាលពីនៅមានព្រះជន្ម ការរៀបចំខួបគម្រប់ ៥ឆ្នាំនេះ គឺជាការគោរពដឹកគុណបំណាច់របស់ព្រះអង្គ ដែលក្នុងមួយជីវតរបស់ព្រះអង្គ បានតស៊ូយ៉ាងខ្លាំងខ្លា ដើមី្បការរីកចម្រើននៃវិស័យពុទ្ធសាសនា ព្រមទាំងបានបណ្តុះនូវសេចក្តីស្រឡាញ់ មេត្តាករុណាចំពោះសិស្សគណ និង បងប្អូនពុទ្ធបរិស័ទផងដែរ។សូមបញ្ជាក់ថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាព្រះរាជាគណៈថ្នាក់ទោ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហាការនៅមានព្រះជន្ម ព្រះអង្គទទួលបានគោរពស្រឡាញ់ពីប្រជាពុទ្ធបរិស័ទ និងបានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា ព្រះអង្គបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដោយបានបន្សល់ស្នាដៃ និងបទពិសោធន៍ល្អៗជាច្រើន ក្នុងការដឹកនាំលើវិស័យព្រះពុទ្ធសាសនា ដល់អ្នកក្រោមឱវាទយកគំរូតាមព្រះអង្គ ព្រះអង្គជាប្រធាន ពុទ្ធចក្របឋមសិក្សាទូទាំងប្រទេស ដែលព្រះអង្គមានសិស្សគុណជាច្រើនពាន់អង្គ-នាក់ ដោយសារព្រះអង្គគឺជាអ្នកស្វែងរក ថវិកាដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃសិក្សាក្នុងវត្តក្រពើហា ក្នុងមួយឆ្នាំៗប្រមាណជាង ២០០អង្គ ជាពិសេសក្រោមការដឹកនាំរបស់ព្រះអង្គមិនដែលមានកើតអធិករណ៍រវាងពុទ្ធបរិស័ទ និងព្រះសង្ឃឡើយ។គួរំលឹកដែលថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត បានទទួលអនិច្ចធម្ម នៅវេលាម៉ោង ១៩:០០នាទី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ដោយសារព្រះរោគាពាធ ក្នុងព្រះជន្ម៤៨ព្រះវស្សា៕

អត្ថបទទាក់ទង