+++++++++++ខេត្តកណ្តាល៖ ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានទីតាំងក្នុងវត្តពាមតាឯក ដែលមានក្បាលដីសរុប១,៧៣៣ក្បាលដី។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានអោយដឹងថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធនេះមានរយះពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២២ ដើម្បីអោយប្រជាពលរដ្ឋ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវ ប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើររើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យជាដើម ។ លោកបានបញ្ជាក់ទៀតថា៖ការបិទផ្សាយជាសាធារណះនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណះប្រព័ន្ធនៅក្នុងភូមិពាមតាឯក និងភូមិព្រែតាអុងទី១ នាពេលនេះគឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន ។ ថ្លែងក្នុងពិធីនោះដែរលោក ផៃ ចាន់សុភី អភិបាលរងស្រុកល្វាឯម បានមានប្រសាសន៍ថា៖ ការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។ លោកអភិបាលរងស្រុក បានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ លោកក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលបានអញ្ជេីញចូលរួមសូមជួយបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកពិនិត្យអោយបានគ្រប់ៗគ្នាចៀសវាងដល់ថ្ងៃចេញបណ្ណ័សំគាល់ម្ចាស់អចលនវត្ថុហេីយទេីបមានបណ្ណឹងអោយដោះស្រាយ នាំអោយលំបាកដល់ក្រុមការងារ៕